ដោយៈ សុផល / ភ្នំពេញ៖ បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល ៣១ ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ ដោយរាប់ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧.៣៨១ គ្រឿង បានធ្វើចរាចរណ៍ លើផ្លូវល្បឿនលឿន​ភ្នំពេញ-​ព្រះសីហនុ ដោយចេញចូលតាមស្ថានីយ ទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់ មានចំនួន ១៩ ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ ដែលបា​កត់ត្រា)​។ នេះ​បើយោងតាម​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាថ្ងៃទី២ ខែវិច្ឆិកា នេះ។

ក្នុងចំណោមយានយន្ត ចំនួនជិត ៤៤ ម៉ឺនគ្រឿង ដែលបានចរាចរណ៍ ក្នុងពេលបើកឱ្យ ប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ មួយខែនេះ មានករណីប្រឹក្សាយោបល់ សាកសួរ ព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ១.២៩១ ខ្សែ បានធ្វើការទាក់ទង ទៅកាន់លេខ ១៣៩៩ ដែលជាលេខទូរស័ព្ទសង្គ្រោះ របស់ក្រុមហ៊ុន។

សូមជម្រាបជូនដែរថាៈ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងផ្តើមគិតថ្លៃ សេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:០០ នាទីព្រឹក នេះតទៅហើយ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែង នៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុន ក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំ ឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌ ក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើរប្រកបទៅដោយ ភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។
«សូមបើកបរ ដោយស្មារតីទទួលខុសត្រូវ និងការយោគយល់» «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕ V / N