ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ការណ៍ប្រកួតពានរង្វាន់ជម្រើសជើងឯក ខេមបូឌាន ព្រីមៀរលីគ ឆ្នាំ២០២២ នាថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមម្ចាស់ផ្ទះបឹងកេត នឹងបើកទ្វារទទួលភ្ញៀវ ភ្នំពេញក្រោន សម្រាប់ជើងទី១។
នេះជាសញ្ញាបញ្ជាក់ថា លីគបានឈានចូលមកដល់ហើយ សប្តាហ៍ទី២៣ នៃក្រុមខ្លាំងទាំង ៤ ហើយ ( TOP-4 )។

កាលពីសប្តាហ៍ទី២២ ក្រុមបឹងកេត ក៏បានយកឈ្នះព្រះខ័នរាជស្វាយរៀង នៅក្នុងលទ្ធផល ២ទល់១ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា កន្លងទៅ។ ជាមួយនឹងការឆ្លងកាត់ ២២ ប្រកួត ឈ្នះ១១ ស្មើ៥ ចាញ់៦ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ដោយមាន ៣៨ ពិន្ទុ។

ចំណែកឯក្រុមភ្នំពេញក្រោនវិញ ក៏ដូចគ្នា ដែលកាលពីសប្តាហ៍ទី២២ បានយកឈ្នះ ក្រុមភ្ញៀវ វិសាខា នៅក្នុងលទ្ធផល ៤ទល់៣ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ភ្នំពេញក្រោន ឆ្លងកាត់ ២២ ប្រកួតដូចគ្នា ឈ្នះ១១ ស្មើ៦ ចាញ់៥ និងឈរ នៅចំណាត់ថ្នាក់លេខ៣ មាន ៣៩ ពិន្ទុ។

បន្ទាប់ពីប្រកួតគូពិសេសទី១ TOP-4 ជើងទី១ រវាងបឹងកេត និង ភ្នំពេញក្រោន រួចរាល់ នៅមានគូពិសេសមួយទៀត រវាងក្រុមម្ចាស់ផ្ទះ វិសាខា ប៉ះជាមួយ ក្រុមព្រះខ័នរាជ ស្វាយរៀង ក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ នាម៉ោង ១៨ៈ៣០ នាទីល្ងាច៕/V-PC