ដោយៈសុផល / សៀមរាប៖ លោកស្រី កុយ ពិសី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ លោកស្រី SUANESAVANH VIGNAKET រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងប្រតិភូអមចំនួន ៩រូប ដែលនឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍ អេកម៉ិក (ACMECS) លើកទី៥, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦, កិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រី ទេសចរណ៍ CLMV អមដោយកិច្ចសន្ទនាទេសចរណ៍ អេកម៉ិក -CLMV លើកទី១ ចាប់ពីថ្ងៃទី ១-៥ ខែវិច្ឆិកា ឆ្នាំ២០២២, ខេត្តសៀមរាប។

ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ឆ្លៀតឱកាសក្នុងអំឡុងកិច្ចប្រជុំនេះ លោកស្រី រដ្ឋមន្ត្រីបានធ្វើដំណើរទស្សនកិច្ច ទៅកាន់តំបន់ទេសចរណ៍ មួយចំនួន នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់ អំពីស្ថាបត្យកម្មខ្មែរ និងការអភិរក្សប្រាសាទរបស់ កម្ពុជាយើង ព្រមទាំងដកស្រង់ពិសោធន៍ ពីរបៀបរបបនៃការរស់នៅ របស់ប្រជាជន នៅក្នុងខេត្តសៀមរាប ផងដែរ។

លោកស្រី រដ្ឋមន្ត្រី និងគណៈប្រតិភូឡាវ បានអញ្ជើញមកតាមជើងហោះហើរទី១ នៃការហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ បន្ទាប់ពីកូវីដ-១៩ មានជើងហោះហើរ ចំនួន ៣ ជើង ក្នុង១សប្តាហ៍ នាថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និង ថ្ងៃសៅរ៍ រវាងទីក្រុងហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប។ ការហោះហើរឡើងវិញនេះ បានបង្ហាញពី សញ្ញាណ នៃការងើបឡើងនៃវិស័យ​ទេសចរណ៍កម្ពុជា ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មានការចាប់ផ្ដើមហោះឡើងវិញ របស់ក្រុមហ៊ុនច្រើន៕/V-PC