​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ ឆ្នាំ​២០២៣ បាន​បិទ​បញ្ចប់​កាលពី​រសៀល ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ កម្លាំងចិត្ត ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ក្នុង​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ​។​

​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ ឆ្នាំ​២០២៣ រយៈពេល ២ ថ្ងៃ​មកនេះ ក៏ដូចជា សិក្ខាសាលា​បច្ចេកទេស​នា​នា លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ” យើង​ក៏បាន​រកឃើញ​ផងដែរ នូវ​បញ្ហា​ប្រឈម កាលានុវត្តភាព និង​មេរៀន​ដក​ពិសោធន៍​ល្អៗ ក៏ដូចជា​សំណូមពរ និង​អនុសាសន៍​នានា ដែលជា​ធាតុ​ចូល​ដ៏​មាន​សារសំខាន់ សម្រាប់​រៀបចំ​គោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និង​ការដាក់ចេញ នូវ​ទិសដៅ​ការងារ សម្រាប់​អនុវត្ត​បន្ត ឱ្យមាន​លក្ខណៈ គ្រប់​ជ្រុងជ្រោយ ស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា និង​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ស្ថានភាព ជាក់ស្តែង​របស់​កម្ពុជា ក៏ដូចជា និន្នាការ​ពិភពលោក សំដៅ​សម្រេចបាន​សមិទ្ធផល​ថ្មីៗ បន្ថែមទៀត ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ ដោយ​ចីរភាព​នៅ​កម្ពុជា​”​។​

​ឆ្លើយតប​ទៅនឹង​លទ្ធផល នៃ​សន្និបាត​នេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគាំទ្រ យ៉ាង​ពេញទំហឹង និង​សូម​លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ទាំងអស់ ឱ្យ​បន្ត​ខិតខំ​អនុវត្ត ឱ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត នូវ​តួនាទី ភារកិច្ច របស់ខ្លួន និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ប្រកបដោយ​ភាពម្ចាស់ការ មនសិការ​វិជ្ជាជីវៈ ការទទួលខុសត្រូវ និង​ការច្នៃប្រឌិត​ខ្ពស់ ព្រមទាំង​បន្ត​ពង្រឹង​និង​ពង្រីក កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេច​ឱ្យ បាន​ជោគជ័យ​ថ្មីៗ បន្ថែមទៀត ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម និង​គោលបំណង​ជា យុទ្ធសាស្ត្រ​របស់​យើង ពោលគឺ ធានា​នូវ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ ដោយ​ចីរភាព សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានស្នើ​ឱ្យ​គ្រប់​អង្គភាព​ចំណុះ ក្រសួងបរិស្ថាន និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍ ដោយ​ចីរភាព សូម​បន្ត​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់ ជាពិសេស​ក្នុងការ​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​ការងារ ជា​អាទិភាព មួយចំនួន ដូចខាងក្រោម​៖
(១.) បន្ត​ពង្រឹង​រដ្ឋបាល​ទំនើប និង​ពង្រីក​ហិរញ្ញវត្ថុ​ដោយ​ចីរភាព ឱ្យ​ឆ្លើយតប​សមស្រប ទៅនឹង​បរិបទ​សង្គម និង​សេដ្ឋកិច្ច​ជាក់ស្តែង​របស់​កម្ពុជា អាទិភាព​បរិស្ថាន​ជាតិ ក៏ដូចជា​និន្នាការ​សកល​។
(២) បន្ត​ពង្រឹង​និង​សម្រួច​គោលនយោបាយ និង​យុទ្ធសាស្ត្រ ឱ្យបាន​សមស្រប និង​អាចអនុវត្ត​បានជា​ពិ​សេ​សេ ក្នុងការ​ឆ្លើយតប​ទៅនឹង​អាទិភាព នៃ​ការងារ​ប្រែប្រួល អាកាសធាតុ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​បញ្ចេញ​កាបូន​ទាប និង​ប្រកបដោយ ចីរភាព​។


(៣) បន្ត​ពង្រឹង​កិច្ច​គាំពារ​បរិស្ថាន ដើម្បី​ធានា​ឱ្យបាន​នូវ​បរិស្ថាន​ល្អ និង​ភូមិឋាន​ស្អាត ដែលជា​មូលដ្ឋាន​ទ្រទ្រង់​ជីវភាព និង​សុខភាព​សាធារណៈ​ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ គ្រប់រូប និង​គ្រប់​ជំនាន់​។
(៤) បន្ត​ពង្រឹង​ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ដើម្បី​រក្សាបាន​នូវ​ភាពសម្បូរ​បែប នៃ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ មុខងារ​សេវាកម្ម ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍ សេដ្ឋកិច្ច​មូលដ្ឋាន ដោយ​ចីរភាព​។
(៥) បន្ត​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន ឱ្យ​ក្លាយជា​ខ្សែក្រវាត់ ការពារ​ធនធានធម្មជាតិ និង​ទ្រទ្រង់​សេដ្ឋកិច្ច​មូលដ្ឋាន​
(៦) បន្ត​ជំរុញ​ការងារ​អប់រំ បរិស្ថាន ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការទទួលខុសត្រូវ របស់​ប្រជាពលរដ្ឋ ចំពោះ​បរិស្ថាន​, ស្មារតី «​កម្ពុជា មាតុភូមិ​ខ្ញុំ​» ព្រមទាំង​រឹតចំណង ជិតស្និទ្ធ​រវាង​មនុស្ស និង​ធម្មជាតិ​។
(៧) បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​អន្តរជាតិ និង​ការទូត​បរិស្ថាន ក្នុង​ឧ​ត្ត​ម​ប្រយោជន៍​កម្ពុជា​។​
(៨) បន្ត​ជំរុញ​ការងារ​យេនឌ័រ យុវជន ស្ត្រី និង​កុមារ ដើម្បី​ធានាបាន​នូវ​វិបុលភាព បរិ​យា​ប័ន្ន និង​សុខដុម​នីយកម្ម​សង្គម​៕/V.mara