ដោយៈ គ្រី សម្បត្តិ / ភ្នំពេញ៖ អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា ជាអ្នករកស៊ីអនឡាញ ដែលមានក្រុមហ៊ុន ជាច្រើនក្នុងដៃនោះ បានចេញមុខសារភាព ដោយទទួលស្គាល់ កំហុស និងបកស្រាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុកគ្នាខូតខាត យ៉ាងធ្ងន់ធ្ងរ និងអះអាងថា នាងមិនបានផឹកគ្រឿងស្រវឹង ក្នុងពេលបើកបរនោះទេ។

សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងនឹងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកបុករថយន្ត Toyota Highlander ។ នេះបើយោងតាមកាមេរ៉ាសុវត្ថិភាព ចាប់បាន។

រថយន្តម៉ាក BMW របស់អ្នកនាង ម៉ូលីកា ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើក លឿនបំពានភ្លើងស្តុប ពណ៌ក្រហម មិនគោរពច្បាប់ចរាចរណ៍ជ្រុល ទៅបុករថយន្ត តូយ៉ូតា ហាយឡែនឌ័រ បើកបត់ឆ្លងផ្លូវ ចំពាក់កណ្តាលកង់ ខាងក្រោយ ផ្នែកខាងឆ្វេង រងការខូចខាត យ៉ាងដំណំ។

ពាក់ព័ន្ធនឹងករណីនេះ ​អ្នកនាង ម៉ូលីកា បានផ្តល់ការបកស្រាយ តាមទូរស័ព្ទ ប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថាៈ អ្នកនាងពិត បានបើកបុក ពិតមែន ហើយពេលនោះ នាងបើកតែម្នាក់ប៉ុណ្ណោះ។ មូលហេតុដែលបង្កហេតុការណ៍ នេះ ដោយសារតែនាង បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ព្រោះអ្នកនាងគិតថា វាជាពេលវេលារំលងអធ្រាត្រ ទៅហើយ មិននឹកស្មានថា មានរថយន្តផ្សេង ចាំឆ្លងផ្លូវ ត្រង់ចំណុចនោះទេ ។ ដោយសារ តែខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់ ។ នាងក៏ព្រមទទួលស្គាល់ ។ នាងសូម បដិសេធចំពោះការចោទប្រកាន់ មកលើរូបនាង ជាពិសេស គឺការចោទប្រកាន់នាង សេពគ្រឿងស្រវឹង ។ ថ្ងៃកើតហេតុ គឺនាងទើបចេញ ពីប្រជុំការងារជាមួយបងៗរបស់នាង ដល់យប់ជ្រៅ ហើយការប្រញាប់ស្រូតត្រឡប់ មកផ្ទះវិញ ដើម្បីគិតបញ្ជីចេញសម្រាប់ ថ្ងៃស្អែក តែចៃដន្យកើតហេតុរឿងអាក្រក់បែប នេះឡើយ ។

អតីតតារាចម្រៀងរូបនេះ បានបញ្ជាក់ថាៈ មកដល់ពេលនេះ ស្ថានភាពរបស់នាង មិនមាន បញ្ហាអ្វីនោះ គឺល្អធម្មតា គឺមិនបានកើតរបួសអ្វីឡើយ។ សម្រាប់ការដោះស្រាយជាមួយ ម្ចាស់រថយន្ត តូយ៉ូតា ហាយលែនដឺរ អ្នកនាងទទួលស្គាល់កំហុស និងព្រម ដោះស្រាយ តាមសន្តិវិធី ដោយអ្នកនាងបានចាត់ចែងក្រុមការងារ ទៅដោះស្រាយហើយ ។ រូបនាង មិនចង់ដូចគ្នា នូវរឿងហេតុការណ៍គ្រោះថ្នាក់បែបនេះ នាងក៏សុំអភ័យទោសទៅកាន់ ម្ចាស់រថយន្តតូយ៉ូតា ហាយលែនដឺរ ក៏ដូចជាមហាជន ដែលរូបនាងធ្វេសប្រហែស ចំពោះការបើកបរ។

សូមបញ្ជាក់ថា ស្ថានភាពរបស់ រថយន្តម៉ាកតូយ៉ូតា ហាយលែនដឺរ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1503 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីខាងលិច មកខាងកើត ក្នុងល្បឿនមធ្យម លុះមកដល់ ចំណុចកើតហេតុ ខាងលើ នៅស្តុបទេពផន បានបត់ឆ្វេង ឆ្លងស្តុបខៀវ បម្រុងនឹងជិះ កាត់តាមបណ្តោយ ផ្លូវម៉ៅសេទុង ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់ តែមានរថយន្តម៉ាក BMW ពណ៌ស មិនមានស្លាកលេខរបស់អ្នកនាង ម៉ូលីកា បើកបរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីខាងជើង មកខាងត្បូង ក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហម មិនគោរពច្បាប់ចរាចរណ៍ ក៏ជ្រុលទៅបុករថយន្ត តូយ៉ូតា ហាយលែនដឺរ ចំកង់ខាងក្រោយ ចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ កង់ និងខូចខាតកាងពីក្រោយ យ៉ាងដំណំ។ ចំណែកឯរថយន្តបង្កម៉ាក BMW វិញ រងការខូចខាតផ្នែកខាងមុខ យ៉ាងធ្ងន់ធ្ងរ។ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់មនុស្ស ហើយភ្លាមនោះដែរ គ្រោះថ្នាក់ រថយន្តទាំងពីរ ត្រូវសមត្ថកិច្ចដឹកយកទៅ រក្សាទុក រង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕ V / N