ដោយៈ ប​.​ខុន / ភ្នំពេញៈ ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ DBST និង​ផ្លូវ​បេតុង​មួយ​ខ្សែ ប្រវែង​ជាង ១០ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ទៅដល់​ភូមិ​ថ្ម​ទទឹង ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​ក្របខណ្ឌ​គម្រោង​ពង្រឹង សមត្ថភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា NRRPCP បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​របស់លោក បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែង​នៅក្នុង​ពិធី ខាងលើ​ថាៈ ផ្លូវ​ដែល​កំពុងបើក​ឲ្យ​ដំណើរ​ការសាងសង់ នាពេលនេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ លេខ​៧ ត្រង់ចំណុច​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ទៅដល់​ភូមិ​ថ្ម​ទទឹង ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង ១០.២៧៨ ម៉ែត្រ ដែល​ក្នុងនេះ​ប្រវែង​៩.៩៥៣​ម៉ែត្រ ជា​ផ្លូវ​ក្រាល កៅស៊ូ​ពីរ​ជាន់ ប្រភេទ DBST និង ៣២៥ ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង ទទឹង ៦ ម៉ែត្រ មាន​សំណង់​លូ​ប្រអប់ ចំនួន ២ កន្លែង លូ​មូល​កាត់​ទទឹងផ្លូវ​ចំនួន ៧ កន្លែង លូ​មូល​កាត់ ផ្លូវបំបែក ចំនួន ៥ កន្លែង លូ​អក្សរ​អ៊ុយ ប្រវែង ៣៤០ ម៉ែត្រ និង​បំពាក់​ស្លាក​សញ្ញា សុវត្ថិភាព តាម​បណ្តោយ​ខ្សែ​ផ្លូវ ដូចជា ស្លាក​សញ្ញា​ចរាចរណ៍ មាន​ចំនួន ៥៨ កន្លែង គំនូស​តាម​អ័ក្ស​ផ្លូវ និង​គំនូស​សម្រាប់​ថ្មើរជើង ឆ្លងកាត់​ផ្លូវ ចំនួន ២ កន្លែង​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ថាៈ ផ្លូវ​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់ នៅក្នុង​ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ ដែល​ទទួល​ការសាងសង់ ដោយ​ក្រុមហ៊ុន SP Multi Engineering and Development Co.,Ltd. ក្នុង​គម្រោង​ថវិកា សរុប ១.៣៩៣.៨៩៦,៣៩ ដុល្លារ​អាមេរិក​។ គម្រោង​នេះ ជា​គម្រោង​ថ្មី​របស់ រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​ ​ផ្ដល់ឱកាស និង​មាន​លក្ខណៈ ពិសេស ខុសពី​គម្រោង​ផ្សេងៗ​ទៀត ដែលមាន​លក្ខខណ្ឌ តម្រូវ​ឲ្យ​ចាប់ផ្ដើម​អនុវត្ត​បន្ទាន់ ដើម្បី​បន្ត​រក្សា​និរន្ដរភាព​សេដ្ឋកិច្ច​ជនបទ ស្ដារ​ជីវភាព​របស់​ប្រជាជន​នៅ​ជនបទ ឲ្យ​ល្អ ប្រសើរ​ឡើងវិញ បន្ទាប់ពី​បាន​នឹង​កំពុង​ងើប ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ។​ ​គម្រោង​ពង្រឹង សមត្ថភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា NRRPCP នេះ​អនុវត្ត​នៅក្នុង ខេត្ត​គោលដៅ ចំនួន​៥ គឺ​ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​ប៉ៃលិន និង​ខេត្តកោះកុង​ដែលមាន​គម្រោង​ស្ថាបនា​ផ្លូវ សរុប​ប្រវែង ២៣៥ គីឡូម៉ែត្រ ក្នុងនេះ ផ្លូវ​ចាក់​កៅស៊ូ ប្រវែង ១៨៥ គីឡូម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង ៥០ គីឡូម៉ែត្រ សាងសង់ ស្រះ​សហគមន៍ ចំនួន ១៥០ ស្រះ និង​ផ្តល់ឱកាស​ការងារ រយៈពេល​ខ្លី ជូន​ប្រជាពលរដ្ឋ នៅ​ជនបទ​ចំនួន ៥០.០០០ គ្រួសារ និង ១៥០.០០០ គ្រួសារ​ផ្សេងទៀត ទទួលបាន ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ ប្រកបដោយ​អនាម័យ​៕/V​.mara