ដោយៈ វ៉ៃកូ / ស្វាយរៀង៖ ផ្លូវលំ ៣ ខ្សែ ប្រវែង ៣.៤៥០ ម៉ែត្រ ក្នុងសង្កាត់បាវិត ត្រូវបានជួសជុល និងពង្រីកក្រាលថ្មមុិចឡើងវិញ ដើម្បីសម្រួលនូវទុក្ខលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ ក៏ដូចជា ការស្នើសុំរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រដ្ឋបាលក្រុងបាវិត ក៏ដូចជា រដ្ឋបាលសង្កាត់បាវិត ក៏បានធ្វើការជួសជុល និងពង្រីកក្រាលថ្មមុិចឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរ។

លោក សាញ់ សាខុន ចៅសង្កាត់បាវិត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានមានប្រសាសន៍ឲ្យដឹងថាៈ ដោយមានការយកចិត្តទុកដាក់ ក៏ដូចជាការចង្អុលបង្ហាញ ពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ក៏ដូចជា ការស្នើសុំរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះ រដ្ឋបាលក្រុងបាវិត ក៏ដូចជា រដ្ឋបាលសង្កាត់បាវិត ក៏បានធ្វើការជួសជុល និងពង្រីកក្រាល ថ្មមុិចឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរផ្លូវលំ ចំនួន ៣ ខ្សែ ប្រវែង ៣.៤៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ឆ្លងកាត់ចំនួន ២ ភូមិ គឺភូមិតាពៅ ១ខ្សែ.និងភូមិបាវិតកណ្តាល ចំនួន ២ ខ្សែ ស្ថិត ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

លោកចៅសង្កាត់បាវិត បានឲ្យដឹងទៀតថាៈ ចំពោះថវិកាក្នុងការជួសជុលនោះ ជាថវិការបស់សប្បុរសនានា នៅទីជិតទីឆ្ងាយ ចូលទៅតាមលទ្ធភាពអ្នកខ្លះមួយឡាន ខ្លះពីរឡាន បីឡាន ដោយមានការអំពាវនាវ ពីសំណាក់លោកអភិបាលក្រុង នាពេលកន្លងមក ពីព្រោះថា នាពេលកន្លងមក ផ្លូវទាំង ៣ ខ្សែនេះ មានសភាពតូចចង្អៀត និងខូចខាតច្រើន ហើយនៅរដូវវស្សា ស្ថានភាពផ្លូវ គឺមានទឹកដក់ និងរអិលពិបាក ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ ជាពិសេស គឺនៅពេលបងប្អូនប្រជាពលរដ្ឋ ដឹកកសិផល មកកាន់ទីផ្សារ តែងតែជួបការលំបាក ក្នុងការធ្វើដំណើរ។

លោកចៅសង្កាត់ បានមានប្រសាសន៍បន្ថែមថាៈ សម្រាប់ការពង្រីក និងការជួសជុល ស្ថាបនាផ្លូវ នាពេលនេះ លោកសុំការយោគយល់ ពីប្រជាពលរដ្ឋ ដែលរស់នៅអមសង ខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរ ក្នុងការជួសជុលស្ថាបនាផ្លូវ ទាំង ៣ ខ្សែនេះឡើង វិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ នៅពេលផ្លូវនេះ បានជួសជុលរួចហើយនោះ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ចូលរួមគោរពច្បាប់ ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាន ជារៀងរាល់ថ្ងៃ មិនថានៅទីក្រុង ឬជនបទនោះឡើយ។ ម៉្យាងទៀត ក៏សូមសំណូមពរ និងស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់ សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយ ត្រូវគិតថា ផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែង ទៅថ្ងៃក្រោយ។

ដោយឡែក ប្រជាពលរដ្ឋ ក៏ដូចជា អ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ ដែលបានធ្វើការ កែលម្អ ក៏ដូចជា ជួសជុលផ្លូវទាំងអស់ នៅមូលដ្ឋានឡើងវិញ ដើម្បីសម្រួលដល់ ការធ្វើដំណើរដោយមិនព្រងើយកន្តើយ ទុកឲ្យប្រជាពលរដ្ឋ ជួបការលំបាកនោះឡើយ សំខាន់គឺបញ្ហាប្រឈម និងទុក្ខលំបាករបស់ប្រជាជន នៅមូលដ្ឋាន៕/V-PC