ដោយៈ គង់ហេង / កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យមន្រ្តីរដ្ឋបាល ព្រៃឈើ នាំយកប្រភេទឈើព្រៃ ដើមរំដួល ដែលមានផ្កាតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ មកដាក់ដាំនៅព័ទ្ធជុំវិញបរិវេណវិមានឯករាជ្យថ្មី ដែលនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ ចំថ្ងៃទី ៩ វិច្ឆិកា សប្តាហ៍ក្រោយនេះ។

លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ចាម ដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម រួមជាមួយសហការី និងមន្រ្តីអង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ សាងសង់វិមានឯករាជ្យ នៅព្រឹកថ្ងៃទី ២ វិច្ឆិកានេះ បានឱ្យដឹងថាៈ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានអនុញ្ញាតឱ្យខាងលោក ជ្រើសរើសយកប្រភេទដើមឈើព្រៃធម្មជាតិ ដើមរំដួលដែលមានផ្កាតំណាងឱ្យ អត្តសញ្ញាណជាតិខ្មែរ សម្រាប់ជានិមិត្តរួបប្រជាជាតិយើង និងជាប្រភេទផ្កាព្រៃឈើ ធម្មជាតិ មានក្លិនក្រអូបពិដោរ ឈ្ងុយឈ្ងប់ គួរឱ្យទាក់ទាញ យកមកដាក់ដាំព័ន្ធជុំវិញ វិមានឯករាជ្យ ដែលស្ថាបនាជិតរួចនេះ ឃ្លាតគ្នាចម្ងាយ ប្រាំពីរ ម៉ែត្រមួយដើម។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ រូបនេះ បានឱ្យដឹងទៀតថាៈ ដើមរំដួល ជាប្រភេទ ដើមឈើ ដុះជាលក្ខណៈបច្ចេកទេស ក្នុងព្រៃធម្មជាតិ មានកម្ពស់ពី ៨ ទៅ ១២ ម៉ែត្រ ដែលសម្បូរដុះច្រើនលើសលប់ក្នុងព្រៃ នៅប្រទេសកម្ពុជាយើង និងប្រទេសថៃ ។ ប៉ុន្តែបើយើងយកមកផ្សាំអីចឹងហើយ មានកម្ពស់តែ ៦ ម៉ែត្រ អស់ហើយ។

សូមបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាម ដែលស្ថាបនាចម្លងតាមគំរូប្លង់របស់ វិមានឯរាជ្យ នៅរាជធានីភ្នំពេញ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ចំថ្ងៃបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា នៅសប្តាហ៍។ អាស្រ័យហេតុនេះ អាជ្ញាធរខេត្តកំពង់ចាម ចុះមកត្រួតពិនិត្យ ដើម្បីពន្លឿនការសាងសង់ ឱ្យបានឆាប់រួចរាល់ គឺគិតត្រឹមថ្ងៃទី ២ វិច្ឆិកានេះ នៅសល់ចំនួន ប្រាំពីរ ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃសម្ពោធហើយ៕/V