​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុរស​ម្នាក់​នៅក្នុង​ប្រទេស​ចិន​កំពុង​លាក់បាំង​ការ​ឈ្នះឆ្នោត ២១៩ លាន​យ័ន (​ជាង​៣៣​លាន​ដុល្លារ​) របស់​គាត់​ពី​ប្រពន្ធ​និង​កូន ដោយសារ​គាត់​បារម្ភ​ថា​ការដឹង​​អំពី​ការ​ឈ្នះ​រង្វាន់​ធំ​នេះ​នឹង​ធ្វើឱ្យ​ពួកគេ​ខ្ជិល​។​

​វេបសាយ Nanning Evening News បាន​រាយការណ៍​ថា ដើម្បី​ការពារ​ភាព​អនាមិក​របស់គាត់ បុរស​ដែល​គ្រាន់តែ​គេ​ស្គាល់​ត្រឹម​ឈ្មោះថា “​លោក​លី​”​បាន​ស្លៀកពាក់​ឈុត​តុក្កតា​ពណ៌​លឿង​ដើម្បី​​មក​បើក​លុយ​ឈ្នះ​នៅ​ការិយាល័យ​ឆ្នោត​នៅ​ទីក្រុង​ណាន​នី​ង​ក្នុង​តំបន់​ក្វាង​ស៊ី​ភាគខាងត្បូង កាលពី​សប្តាហ៍​មុន គឺ​នៅ​ថ្ងៃទី ២៤ ខែតុលា​។​

​លោក​លី​បាន​និយាយថា គាត់​ពិតជា​រំភើប​ចំពោះ​ការ​ឈ្នះ​នេះ ប៉ុន្តែ​ចង់​លាក់​អត្តសញ្ញាណ​របស់​គាត់ និង​រក្សា​ការ​ឈ្នះ​នេះ​ជាសម្ងាត់​ពី​ប្រពន្ធ​និង​កូន​របស់​គាត់​។​

​គាត់​បាន​ប្រាប់ Nanning Evening News ថា “​ខ្ញុំ​មិន​បាន​ប្រាប់​ប្រពន្ធ​និង​កូន​របស់​ខ្ញុំ​ទេ ព្រោះ​ខ្លាច​ថា​ពួកគេ​នឹង​សប្បាយចិត្ត​ពេក ហើយ​លែង​ធ្វើការ​ឬ​ប្រឹងប្រែង​ទៅ​ថ្ងៃ​អនាគត​”​។​

​លោក​លី​បាន​ទិញ​ឆ្នោត ៤០ សន្លឹក​នៅក្នុង​ហាង​មួយ​ក្នុង​ទីប្រជុំជន​លី​តាំង (Litang)​ភាគ​ខាងកើត​ទីក្រុង​ណាន​នី​ង​។ សន្លឹកឆ្នោត​នីមួយៗ ដែល​បាន​ទិញ​គឺ​មាន​លេខ​ប្រាំពីរ​ដូច​គ្នា​ដោយ​ក្រុមហ៊ុន​​ឆ្នោត​បាន​បង់​ប្រាក់​ចំនួន ៥,៤៨ លាន​យ័ន​សម្រាប់​សន្លឹកឆ្នោត​នី​មួយៗ​។​

​បន្ទាប់ពី​ដឹង​ថា​គាត់​កាន់​លេខ​ឈ្នះ ២, ១៥, ១៩, ២៦, ២៧, ២៩ និង ២ បុរស​នោះ​បាន​និយាយថា គាត់​បាន​ជិះ​រថភ្លើង​ទៅ​ទីក្រុង​ណាន​នី​ង​នៅ​ថ្ងៃ​សុក្រ​ទី ២១ ខែ​តុលា​ដើម្បី​បើកប្រាក់​ឈ្នះ​របស់​គាត់​។​

​ក្រោយ​ប្រមូល​លុយ ១៧១,៦ លាន​យ័ន​ក្រោយ​បង់ពន្ធ​រួច លោក​លី​និយាយថា គាត់​បាន​បរិច្ចាគ​៥​លាន​យ័ន​ទៅ​ផ្នែក​សប្បុរសធម៌ ហើយ​មិន​ទាន់​សម្រេច​ថា​ត្រូវធ្វើ​អ្វី​ទៀត​ជាមួយ​លុយ​នៅសល់​៕

លោក​លី​ពាក់​ឈុត​តុក្កតា​លឿង​មក​បើក​លុយ​ឆ្នោត​កាលពី​ថ្ងៃទី​២៤​តុលា​