​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​យន្តហោះ​ធំ​សម្បើម Stratolaunch បាន​ធ្វើ​ការហោះហើរ​ដោយ​ជោគជ័យ​នូវ​យន្តហោះ​គំរូ​លឿន​ជាង​សំឡេង Talon-A របស់​ខ្លួន​ជា​លើកដំបូង​។​

​ត្រូវបាន​ពណ៌នា​ថា​ជា​យន្តហោះ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​ដោយសារ​តែ​ស្លាប​ប្រវែង ១១៧ ម៉ែត្រ​របស់​វា យន្តហោះ​ដឹកជញ្ជូន Roc របស់​យន្តហោះ Stratolaunch​បាន​ហោះ​ចេញពី​កំពង់ផែ​អា​​កាស​និង​អវកាស​ម៉ូ​ចេវ (Mojave) ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា ហើយ​បាន​ហោះ​ឡើងលើ​ផ្ទៃមេឃ​លើ​វាល​ខ្សាច់​ម៉ូ​ចេវ​។​

​ភ្ជាប់​យ៉ាងរឹងមាំ​ទៅ​នឹង​បង្គោល​នៅ​ចំ​កណ្តាល​ស្លាប​របស់​វា​គឺ​យន្តហោះ Talon-A (TA-0) ដែល​ជា​យន្តហោះ​សាកល្បង​អាច​ប្រើ​ឡើងវិញ​បាន​ប្រវែង ៨,៥ ម៉ែត្រ​ដែល​អាច​ដឹក​ទម្ងន់​បន្ទុក​ក្នុង​​ល្បឿន​លឿន​ជាង​សំឡេង​រហូតដល់​ទៅ​ប្រាំ​ដង​។​

​ការហោះហើរ ដែល​មាន​រយៈពេល ៥ ម៉ោង ៦ នាទី​និង​ឈាន​ដល់​កម្ពស់​អតិបរមា ៧.០០០ ម៉ែត្រ បានបង្ហាញ​ថា យន្តហោះ Roc មាន​សមត្ថភាព​អាច​លើក​យន្តហោះ Talon-A​ដែល​រចនា​ឡើង​​ដើម្បី​ហោះ​ចេញ​ពី​ពាក់កណ្តាល​អាកាស​។​

​វា​ជា​ការហោះហើរ​លើក​ទី​ប្រាំបី​នៃ​យន្តហោះ​ដឹកជញ្ជូន Roc របស់​ក្រុមហ៊ុន Stratolaunch ប៉ុន្តែ​ជា​លើកដំបូង​ដែល​មាន​បន្ទុក​ទម្ងន់​ភ្ជាប់​រវាង​តួ​យន្តហោះ​ទាំងពីរ​។​

​លោក​បណ្ឌិត ហ្សាក​ឆា​រី ក្រេវ័​រ (Zachary Krevor) ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Stratolaunch បាន​និយាយថា​”​យើង​បាន​ធ្វើតេស្តិ៍​លើ​ដីគោក​ជាច្រើន​ប្រភេទ​ក្នុងការ​​ទន្ទឹង​រង់ចាំ​ការហោះហើរ​ដឹក​ទម្ងន់​ផ្ទុក​ជា​លើកដំបូង ហើយ​ជាមួយនឹង​ដំណើរការ​សាកល្បង​ជោគជ័យ​នីមួយៗ​ដែល​សម្រេចបាន យើង​បាន​កសាង​ទំនុកចិត្ត​ថា​យន្តហោះ​នឹង​ដំណើរការ​យ៉ាងពិត​ប្រា​​កដ​ដូច​ដែល​វា​ត្រូវបាន​រចនា​ឡើង​”​។

​លោក​និយាយថា “​វា​ជា​ការរំភើប​រីករាយ​ដែល​បានឃើញ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​មាន​ភាពរស់រវើក ហើយ​ឃើញ​យានជំនិះ​ទាំងនេះ​ហោះហើរ​ជា​ប្រព័ន្ធ​រួមបញ្ចូល​គ្នា​”៕

​យន្តហោះ Roc របស់​ក្រុមហ៊ុន Stratolaunch ដឹក​យន្តហោះ Talon-A នៅ​កណ្តាល​តួ​របស់​វា​ដើម្បី​ចេញដំណើរ​ពី​ពាក់កណ្តាល​អាកាស​កាលពី​ថ្ងៃទី​១​វិច្ឆិកា ឆ្នាំ​២០២២