ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកវិទ្យាសាស្ត្រព្រមានថា អាចម៍ផ្កាយដ៏ធំមួយ ដែលគេពណ៌នាថាជា “ឃាតករប្រហារភព” ត្រូវបានប្រទះឃើញកំពុងលាក់ខ្លួននៅក្នុងប្រព័ន្ធសុរិយគតិខាងក្នុង ហើយវាអាចនឹងបុកផែនដីនៅថ្ងៃណាមួយ។
មានអង្កត់ផ្ចិតជិតមួយម៉ាយល៍ (១,៥ គីឡូម៉ែត្រ) អាចម៍ផ្កាយឈ្មោះថា 2022 AP7 មានគន្លងឆ្លងកាត់គន្លងផែនដី ហើយត្រូវបានពណ៌នាថាមាន “គ្រោះថ្នាក់ខ្លាំង”។
វាជាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយជិតផែនដីចំនួនបី (NEAs) នៅក្នុងប្រព័ន្ធសុរិយគតិខាងក្នុង ដែលលាក់ខ្លួននៅក្រោមពន្លឺព្រះអាទិត្យទោះបីជាអាចម៍ផ្កាយពីរផ្សេងទៀតមានទំហំតូចជាងក៏ដោយ។
អាចម៍ផ្កាយទាំងបីត្រូវបានរកឃើញដោយប្រើកាមេរ៉ាថាមពលងងឹតនៅឯមន្ទីរសង្កេតអន្តរអាម៉េរិកាំងសឺរ៉ូថូឡូឡូ (Cerro Tololo Inter-American Observatory) នៅទីក្រុងខូឃ្វីមបូ (Coquimbo) ភាគខាងជើងប្រទេសស៊ីលី។
អាចម៍ផ្កាយរកឃើញថ្មីទាំងបី គឺ 2022 AP7 និងអាចម៍ផ្កាយតូចជាងពីរផ្សេងទៀតហៅថា 2021 PH27 និង 2021 LJ4 ត្រូវបានពណ៌នានៅក្នុងទស្សនាវដ្តី The Astronomical Journal ។ពួកវាត្រូវបានកំណត់ថាជាអាចម៍ផ្កាយនៅជិតផែនដី (NEAs) ពោលគឺអាចម៍ផ្កាយ ដែលចូលមកក្នុងរង្វង់ចម្ងាយ ១,៣ ឯកតាតារាសាស្ត្រ (១៩៥ លានគីឡូម៉ែត្រ) ពីព្រះអាទិត្យ។
ដោយសារតែពួកវាកំពុងលាក់ខ្លួននៅក្នុងប្រព័ន្ធសុរិយគតិខាងក្នុង ដែលជាតំបន់នៅក្នុងគន្លងនៃភពផែនដីនិងភពសុក្រអ្នកស្រាវជ្រាវត្រូវតែដោះស្រាយការលំបាកជាមួយនឹងពន្លឺព្រះអាទិត្យដើម្បីស្វែងរកពួកវា។
ដោយទាញប្រយោជន៍ពីលក្ខខណ្ឌសង្កេតរយៈពេលខ្លីក្នុងអំឡុងពេលព្រះអាទិត្យអស្ដង្គត ពួកតារាវិទូអាចរកឃើញ “អាចម៍ផ្កាយព្រាលៗទាំងបី”។
លោក ស្កុត អេស សេបផាត (Scott S. Sheppard) ជាតារាវិទូនៅមន្ទីរពិសោធន៍ផែនដីនិងភពនៃវិទ្យាស្ថានខានេជី (Carnegie) សម្រាប់វិទ្យាសាស្ត្រ បាននិយាយថា”ការស្ទាបស្ទង់ពេលព្រះអាទិត្យអស្ដង្គតរបស់យើងគឺកំពុងរុករកតំបន់ក្នុងគន្លងនៃភពផែនដីនិងភពសុក្រសម្រាប់អាចម៍ផ្កាយ”។
“រហូតមកទល់ពេលនេះ យើងបានរកឃើញអាចម៍ផ្កាយធំៗពីរនៅជិតផែនដី ដែលមានប្រវែងប្រហែល ១ គីឡូម៉ែត្រ ជាទំហំដែលយើងហៅថា ឃាតករប្រហារភព”។
“ទំនងជាមាន NEA មួយចំនួនតូចដែលមានទំហំប្រហាក់ប្រហែលគ្នានៅសេសសល់ត្រូវបន្តស្វែងរកទៀត ហើយអាចម៍ផ្កាយដ៏ធំដែលមិនទាន់រកឃើញទាំងនេះទំនងជាមានគន្លងដែលរក្សាពួកវានៅខាងក្នុងគន្លងរបស់ផែនដីនិងភពសុក្រស្ទើរតែគ្រប់ពេលវេលា”។
“មានតែអាចម៍ផ្កាយប្រហែល ២៥ ប៉ុណ្ណោះមានគន្លងគោចរទាំងស្រុងនៅក្នុងគន្លងរបស់ផែនដី ត្រូវបានរកឃើញរហូតមកទល់បច្ចុប្បន្ន ដោយសារតែការពិបាកក្នុងការសង្កេតនៅជិតពន្លឺរបស់ព្រះអាទិត្យ”៕
អាចម៍ផ្កាយឈ្មោះថា 2022 AP7 មានគន្លងឆ្លងកាត់គន្លងផែនដី ហើយត្រូវបានពណ៌នាថាមាន “គ្រោះថ្នាក់ខ្លាំង”