ដោយ: ភ្នំខៀវ /បាត់ដំបង៖ មកដល់រសៀលថ្ងៃទី២ខែវិច្ឆិកា គ្រូពេទ្យបន្តរកឃើញព្រះសង្ឃដែលគង់នៅក្នុងវត្តខ្នាចរមាស ខេត្តបាត់ដំបង មានបញ្ហាថប់ដង្ហើម និងក្តៅព្រះកាយខ្លាំង និងមធ្យមកើនឡើងដល់ ៥១អង្គ ក្នុងមានជំងឺគ្រុនឈាមចំនួន ប្រាំពីរអង្គ។

យោងតាមបញ្ជាក់របស់មន្ត្រីសង្ឃដែលគ្រប់គ្រងក្នុងវត្តខ្នាចរមាស នៅរសៀលថ្ងៃទី ២ខែវិច្ឆិកាបានឱ្យដឹងថាព្រះសង្ឃគង់ នៅក្នុងវត្តដែលភាគច្រើនមានព្រះជន្មចន្លោះពី ១៥ ដល់ ១៨វស្សា ក្រោយមានអាការ:ថប់ដង្ហើម និងក្តៅព្រះកាយខ្លាំង ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកាលពីព្រឹកមិញមានចំនួន២១អង្គ។ប៉ុន្តែដោយឋិតក្រោមការ យកចិត្តទុកដាក់តាមដានរបស់មន្ត្រីសុខាភិបាលស្រុក ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យដល់ទីតាំងវត្តខាងលើបន្តទៀត បានរកឃើញព្រះសង្ឃដែលមានអាការ:ដូចៗគ្នាចំនួន ២៩អង្គបន្ថែមទៀត នាំឱ្យតួលេខសរុបកើនដល់ចំនួន ៥១អង្គ កំពុងឋិតក្រោមការតាមដាន និងព្យាបាលបណ្តើរៗ។

ចំណែកមន្ត្រីមណ្ឌលសុខាភិបាលប្រចាំការពិនិត្យព្យាបាលនៅក្នុងវត្តខ្នាចរមាសផ្ទាល់បានអះអាងថាចំពោះមុខនេះក្រុមគ្រូពេទ្យកំពុងព្យាបាលដល់ព្រះសង្ឃដែលមានសុខភាពខុសពីប្រក្រតីរួមទាំងព្រះសង្ឃដែលមានជំងឺគ្រុនឈាមដែលរកឃើញចំនួនប្រាំពីរអង្គរួចមក និងកំពុងបន្តការតាមដានលើព្រះសង្ឃផ្សេងៗអង្គទៀត។

មន្ត្រីជំនាញខាងលើបន្ថែមទៀតថា មូលហេតុដែលបង្កឱ្យមានករណីឆ្លងនូវជំងឺគ្រុនឈាមលើព្រះសង្ឃនេះ ដោយសារកត្តាមួយចំនួនព្រោះជារដូវកាលប្រឈមកើតឡើងនូវជំងឺនានា អាកាសធាតុប្រែប្រួលងាយឆ្លងនូវជំងឺផ្លូវដង្ហើម ផ្តាសាយ ពិសេសជំងឺគ្រុនឈាម ម្យ៉ាងទៀតជារដូវមានទឹកភ្លៀងធ្លាក់ច្រើនទៀត ស្របគ្នានិងនៅតាមមូលដ្ឋានមានព្រៃស្តុកក្រាស់ៗ ទឹកដក់តាមទីទំនាប នានា៕សរន / N