ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ បន្ទាប់ពីប្រព្រឹត្តិទៅអស់រយ:ពេលពីរថ្ងៃកន្លះ(ថ្ងៃទី៣០-៣១ខែតុលានិងថ្ងៃទី១ខែ វិច្ឆិកាឆ្នាំ២០២២)កម្មវិធីប្រណាំងទូកឬអុំទូកសហគមន៍នៅបារាយណ៍នៃប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ នៅកំពង់ទឹក ។

លោកស្រីហេមចិន្តាអគ្គមហាសិការពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិងមន្រ្តីដឹកនាំខេត្តជាច្រើនរូបអញ្ជើញចូលរួម។អភិបាលស្រុកថ្មពួកលោក អែម សុខា បានឱ្យដឹងថា មានទូកបួនគ្រឿង គឺធំពីរនិងតូចពីរ សម្រាប់កីឡាករ១៨ក្រុម ស្មើបីប្រភេទ ហើយចែកជា ទូកតូចផ្នែកបុរសចែកជាបីពូល ,ទូកធំផ្នែកបុរសចែកជាពីរពូលនិងទូកនារីមានមួយពូល។ក្រុមកីឡាករចំណុះទូកចូលរួមប្រកួតវិលជុំ និងជ្រើសរើសយកក្រុមកីឡាករដែលឈ្នះមាន១០ក្រុម ។

ក្នុងនោះជ័យលាភី ទូកវែង ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាករចំណុះទូកឈ្មោះយុវជនអង្ករខ្មៅ ដែលទទួលបាន ពានមួយ ថវិកាមួយលានរៀល(របស់ខេត្ត) ។លេខ២ ក្រុមឈ្មោះព្រះពន្លា បានទង់រង្វាន់ ថវិកា៧០ម៉ឺនរៀល ។លេខ៣ ក្រុមឈ្មោះកសិណមានជ័យរាត្រីមានរឹទ្ធ បានទង់រង្វាន់ ថវិកា៥០ម៉ឺនរៀល ។

ទូកខ្លី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករចំណុះទូកក្រុមឈ្មោះរស្មីដំរីក្បាលបី បានពានរង្វាន់និងថវិកា៧០ម៉ឺនរៀល។ លេខ២ ក្រុមឈ្មោះខ្ទីងក្រហមមានជ័យបារមីភូមិត្បូងបានលិខិតរង្វាន់និងថវិកា៥០ម៉ឺនរៀល។លេខ៣ក្រុមឈ្មោះបេតុង ផ្សារថ្មីបារមីប្រាសាទយាយជូបានលិខិតរង្វាន់និងថវិកា៤០ម៉ឺនរៀល។

ទូកស្រីលេខ១ ក្រុមឈ្មោះសហភាពសហព័ន្ធមានជ័យបារមីយុវនារីបន្ទាយមានឆ្មារ(សសយក) បានពានរង្វាន់និង ថវិកា៣០ម៉ឺនរៀល លេខ២ ក្រុមឈ្មោះនាងឆ្មារសង្វារពេជ្រ បានលិខិតនិងរង្វាន់៣០ម៉ឺនរៀល និងលេខ៣ ក្រុមឈ្មោះយុវជនពន្លកថ្មីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារមានជ័យបារមីនារីក្លាហាន ។

រីឯក្រុមមិនបានជ័យលាភី ក៏ទទួលថវិកាលួងចិត្តឧបត្ថម្ភដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ។លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលឧបត្ថម្ភ គាំទ្រ ដល់កាងាររអភិវឌ្ឍការងារសង្គមនិងមនុស្សនានានៅខេត្តបន្ទាយមានជ័យនិងដោយឡែកបានជួយច្រើនសន្ធឹកនៅ ឃុំបន្ទាយឆ្មារ ពិសេសតំបន់ប្រាសាទបន្ទាយឆ្មារ ប្រាសាទមេបុណ្យនិងបារាយណ៍ អាងជើងគ្រូសផងដែរ។

ក្នុងនោះ បានផ្តួចផ្តើម គាំទ្រកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅសហគមន៍បន្ទាយឆ្មារនេះ ជួយបង្កលក្ខណៈ:សប្បាយរីករាយជូនពលរដ្ឋក្នុងបរិបទស្ថានភាពធូរស្រាលនៃវិបត្តិសាកលការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីបានបិទអស់ពេលពីរឆ្នាំកន្លងមក៕សរន / N