​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស៊ីន​ហួរ​)៖ ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ភីង បាន​មានប្រសាសន៍ថា​​ចិន​នឹង​បន្ត​គាំទ្រ​ប៉ា​គី​ស្ថាន នៅ​ពេល​ខ្លួន​ព្យាយាម​ធ្វើ​អោយ​ស្ថានភាព​ហិរញ្ញវត្ថុ​ប្រទេស​នេះ​មាន​ស្ថិរភាព​។​

​ប៉ា​គី​ស្ថាន​បាននិងកំពុង​តស៊ូ​នឹង​វិបត្តិ​តុល្យភាព​ចំណាយ​មួយ​សូម្បី​តែ​មុន​ប្រទេស​ជួប​ទឹកជំនន់​ដ៏​អន្តរាយ​កាលពីរ​ដូវក្តៅ ដែល​នាំ​អោយ​ខាតបង់​សេដ្ឋកិច្ច​និង​ខូចខាត​ទ្រព្យ​សរុប​៣០​ពាន់​លាន​ដុល្លារ​។​

​ប៉ា​គី​ស្ថាន​ត្រូវ​រំពឹងថា​នឹង​ស្វះស្វែង​សុំ​ចិន​សម្រាល​បំណុល ជាពិសេស​បំណុល​ទ្វេភាគី​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ​។​

​ធនាគារ​កណ្តាល​ចិន​និង​ធនាគារ​ជាតិ​ប៉ា​គី​ស្ថាន កាលពី​ពេល​ថ្មីៗ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ស្តីពី​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការសំរាប់​បង្កើតការ​រៀបចំ​ការទូទាត់​ជា​ប្រាក់​យ័ន​ចិន​​នៅ​ប៉ា​គី​ស្ថាន ក្នុង​បំណង​សម្រួល​ការប្រើ​រូបិយប័ណ្ណ​ចិន​សំរាប់​ការជួញដូរ​កាត់​ព្រំដែន​ដោយ​សហគ្រាស​និង​ស្ថាប័នហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ទាំង​ពីរ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ធនាគារ​ប្រជាជន​ចិន​កាល​​ពី​ថ្ងៃ​ពុធ​។​

​លោក​ស៊ី​បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​សេ​បា​ស សារីហ្វ ( Shehbaz Sharif )​ថា ចិន​និង​ប៉ា​គី​ស្ថាន​គួរ​ធ្វើដំណើរ​ទៅ​មុខ​ជាមួយ​ការស្ថាបនា​របៀង​សេដ្ឋកិច្ច​របស់​ខ្លួន​អោយ​កាន់តែ​មានប្រ​​សិទ្ធ​ភាព​ឡើង ព្រមទាំង​ពន្លឿន​ការសាងសង់​ហេដ្ឋារចនាសម្ពន្ធ​សំរាប់​កំពង់ផែ​សមុទ្រ ក្វា​ដា​(Gwadar)​។​

​ចិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​និង​គំរោង​ហេដ្ឋារចនាសម្ពន្ធ​ធំៗ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន រួម​មាន​កំពង់ផែ​ទឹក​ជ្រៅ​ក្វា​ដា ជា​ផ្នែក​នៃ​របៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​តំលៃ​៦៥​ពាន់​លាន​ដុល្លារ​។​

​លោក​ស៊ី​បាន​បន្ថែមថា ប្រទេស​ទាំង​ពីរ​គួរ​ធ្វើការ​រួម​គ្នា​បង្កើត​លក្ខ​ខណ្ឌ​សំរាប់​ការអនុវត្ត​គំរោង​ផ្លូវ​ដែក​Mainline-1 (ML-1)​ដែល​កែកុន​ជួសជុល​ថ្មី​និង​គំរោង​ផ្លូវដែក​Karachi Circular Railway​ នៅពេល​ទូរទស្សន៍​ចិន​CCTV​បាន​និយាយ​ថា ចិន​នឹង​នាំ​បច្ចេកវិទ្យា​សំរាប់​រថភ្លើង​ល្បឿន​លឿន​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅអោយ​ប៉ា​គី​ស្ថាន ។​

​ការអភិវឌ្ឍ​និង​គំរោង​នានា​របស់​ចិន​នៅ​ប៉ា​គី​ស្ថាន ជា​ផ្នែក​កម្មវិធី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​លោក​ស៊ី ដើម្បី​ធ្វើអោយ​ផ្លូវថ្នល់ ផ្លូវ​ដែក​និង​ផ្លូវ​សមុទ្រ​ចិន​ភ្ជាប់​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​​កាន់តែ​ប្រសើរ​។​

​បើ​តាម​លោក​ស៊ី ចិន​ស្វាគមន៍​ប៉ា​គី​ស្ថាន​ក្នុង​ការពង្រីក​ការនាំ​ចេញ​ទំនិញ​កសិកម្ម​គុណភាព​ខ្ពស់​មក​កាន់​ចិន​ហើយ​មានបំណង​ពង្រឹង​កិច្ចសហការ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល ពាណិជ្ជកម្ម​តាមអេ​ឡិច​​ត្រូ​និច អគ្គិសនី​ដោយ​ពន្លឺ និង​ប្រភព​ថាមពល​ដទៃទៀត​៕

​ប្រធានាធិបតី ស៊ី ជីន​ភីង ជួប​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​