ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសារលិខិតស្វាគមន៍សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក)អេកម៉ិក(ACMECS)លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)លើកទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ បានចែករំលែកនូវការគិតគូរមួយចំនួនដល់រដ្ឋមន្ត្រីទេសចរណ៍ក្នុងន័យជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យ ទេសចរណ៍អេកម៉ិកនិង CLMV ទាំងពេលបច្ចុប្បន្ននិងអនាគត ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖កិច្ចប្រជុំខាងលើពិតជាបានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ជាពិសេសជាឱកាសដែលថ្នាក់ដឹកនាំទេស ចរណ៍អេកម៉ិកនិង CLMV ធ្វើការវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវដ-១៩ មកលើវិស័យទេសចរណ៍ដាក់ចុះយុទ្ធសាស្រ្តសមស្របក្នុងការស្តារឡើងវិញនិងបង្កើ នកិច្ចសហប្រតិបត្តិការថែមទៀត។ សម្តេចតេជោបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិកនិង CLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្តងបានជំរុញឲ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិកក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសទី បីបានយ៉ាងមានប្រសិទ្ធភាពក្រោមយុទ្ធនាការ “ប្រទេស ៥ គោលដៅទេសចរណ៍តែមួយ”និង”ប្រទេស៤គោលដៅទេសចរណ៍តែមួយ”។

សម្តេចតេជោបន្តថា ពិតណាស់ថាឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមកនេះតួនាទីនៃវិស័យទេសចរណ៍ត្រូវបានមើលឃើញកាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងភាពរីកចម្រើនរបស់សង្គមជាតិហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ ,សាមគ្គីភាពនិងមិត្តភាពនៃប្រទេសក្នុងតំបន់ ។ ក្នុងន័យនេះជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិកនិង CLMVទាំងពេលបច្ចុប្បន្ននិងអនា គត ខ្ញុំសូមចែករំលែកនូវការគិតគូរមួយចំនួនដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ដូចតទៅ៖ទី១. អេកម៉ិកនិង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗបំពេញឲ្យគ្នាទៅវិញទៅមកនិងផ្តល់នូវភាពសំបូរបែបដល់ទេសចរស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ក្រោយវិបត្តិកូវីដ១៩។ក្នុង ន័យនេះប្រទេសសមាជិកគួរបង្កើនកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ជនបទដែលរួមមានទេសចរណ៍សហគមន៍,អេកូទេសចរ ណ៍,ទេសចរណ៍ផ្សងព្រេង , កសិទេសចរណ៍, ទេសចរណ៍សុខមាលភាព, ទេសចរណ៍មបអាហារជាដើមដែលទាំងនេះ ជាតម្រូវការទេសចរណ៍កំពុងកើនឡើងហើយចូលរួមដោយផ្ទាល់ដល់ ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនឹងនេះផងដែរអេកម៉ិក និង CLMVគួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយ គាំទ្រសហគ្រាសធនតូចបំផុត, តូចនិង មធ្យម (SMEs) ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។

ទី២. ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិកនិង CLMVគួរជំរុញការផ្លាស់ប្តូរបទពិសោធន៍ លើដំណើរការបរិវិត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ក្នុងនោះគួរដកពិសោធន៍គ្នា ទៅវិញទៅមកលើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាពនិងឧត្តម ភាពប្រកួតប្រជែង។

ទី៣. អេកម៉ិកនិង CLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាស៊ិក (ACMECS-Intra Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler)ដោយត្រូវគិតគូរផងដែរលើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹកបន្ថែមទៀតព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)សម្រាប់ការទាក់ទាញទេសចរពីប្រទេសទី៣ខ្ញុំសូមគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ “ប្រទេសប្រាំគោលដៅទេសចរណ៍តែមួយ” និង “ប្រទេសបួនគោលដៅទេសចរណ៍ តែមួយ។

ទី៤. ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMVដែលបានដាក់ចុះ ខ្ញុំសូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍ អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ៕