ដោយៈ​ មុនីរ័ត្ន/ភ្នំពេញៈ​ សម្តេចក្រឡាហាម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង០៧:០០ រហូតដល់ម៉ោង១៦:៣០ដែលមានអ្នកចូលរួមប្រមាណ៩០០នាក់ តែមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិនេះឡើយ។ ទន្ទឹមនេះ ការដាក់ញត្តិជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលបញ្ចូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។​ នេះបេីយោងតាមលិខិតសម្តេចក្រឡាហាម​ ស​ ខេង​ ជម្រាបជូនអភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០២២។

សម្តេចក្រឡាហោម​ ស​ ខេង​ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានទាំងនោះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុង កំណត់ហេតុនៃកិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បានជម្រាបទៅតំណាងសមាគម​ អង្គការ​មិនមែនរដ្ឋាភិបាល​ថាចំពោះសំណើសុំជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដោយមានអ្នកចូលរួមប្រមាណ ៩០០នាក់ និងការដាក់ញត្តិតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៧:០០នាទី ដល់ម៉ោង ១៦:៣០នាទី នៅទីលានប្រជាធិបតេយ្យ នោះ រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតជូនតាមសំណើ។

ដើម្បីឱ្យដំណើរការរៀបចំសម្តែងមតិខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោក លោកស្រីត្រូវសហការឱ្យបានល្អជាមួយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងត្រូវអនុវត្តតាមស្មារតីអង្គប្រជុំដែលបានឯកភាពកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា៕​សរន