ដោយៈចាន់តូ/ភ្នំពេញ៖ផ្លូវបេតុងបីខ្សែ ស្ថិតនៅភូមិព្រៃសាលា ភូមិត្រពាំងជ្រៃនិងភូមិចំការឪឡឹក២ ដោយប្រើប្រាស់ ថវិកាមូលនិធិសង្កាត់ឆ្នាំ២០២២ត្រូវបានស្ថាបនាឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរឆ្លងកាត់។

ការដ្ឋានមួយនេះត្រូវបានបើកជាផ្លូវការនារសៀលថ្ងៃទី២ ខែវិច្ឆកាឆ្នាំ២០២២នេះ អញ្ជើញចូលរួមដោយលោក យិន គា អភិបាល​រងខណ្ឌ​តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ លោក វង្ស សៀងហាក់ចៅសង្កាត់ កាកាបទី២ ។

កំណាត់ផ្លូវដែលត្រូវបានស្ថាបនានោះមានប្រវែងសរុប៣៣៩ម៉ែត្រ,ទទឹង៥ម៉ែត្រ។ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់មួយតឹក
កន្លះស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វង្ស សៀងហាក់ ចៅសង្កាត់កាកាបទី២ បានឱ្យដឹងថា កន្លងមកកំណាត់ផ្លូវនេះ ជាផ្លូវដីរងការខូចខាតធ្ងន់ធ្ងរ ដោយមានជង្ហុកធំៗនិងមានទឹកដក់ជាអន្លើរៗ ។ ដោយមើលឃើញនូវការលំបាក របស់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់ទើបស្ថាបនាឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនេះលោក យិន គា បានបញ្ជាក់ថាប្រជាពលរដ្ឋត្រូវរួមគ្នាតាមដាននិងពិនិត្យមើលគុណភាពផ្លូវ។ផ្លូវនេះ ទទួលធ្វើដោយក្រុមហ៊ុន សុធិរាជខនស្ត្រាក់សិន ។ការដ្ឋាននេះគ្រោងនឹងប្រើប្រាស់រយៈពេលមួយសប្ដាហ៍។

លោកអភិបាលរងក៏បានរំលឹកដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំនិងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកនិងខ្លះទៀតធ្លាប់ចុះឈ្មោះពីមុនមករួចហើយបានផ្លាស់ទីលំនៅទៅសង្កាត់ផ្សេងៗត្រូវមកពិនិត្យនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ៕សរន