ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ក្នុងប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship 2022នៅទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមកីឡាការិនីកម្ពុជាខាន់ ជេសា ប្រជែងបានមេដាយមាសទៀតហើយ។


កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក-ម៉ិកស៊ិក ខាន់ ជេសា បានធ្វើការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ដែលវិញ្ញាសានេះ មានបេក្ខភាពប្រកួតប្រជែង ១៧រូប ដោយប្រើរូបមន្តឈ្នះឡើង ចាញ់ធ្លាក់ ។ សម្រាប់កីឡាការិនីកម្ពុជា ខាន់ ចេសា បានឆ្លងកាត់ការប្រកួតនិងទទួលបានជ័យជម្នះចំនួន៥ប្រកួតជាប់ៗគ្នាហើយគ្រងតំណែងជើងឯកលើវិញ្ញាសានេះ។

ខាន់ជេសាដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship 2022 នេះបន្ទាប់ពីឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃពុធទី២វិច្ឆិកាម្សិលម៉ិញនេះ។

លទ្ធផលការប្រកួត កីឡាការិនី ខាន់ ចេសា បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ដែលក្នុង៥ប្រកួតនោះមាន៖ផ្ដួលកីឡាការិនីហ្វីលីពីនBaluyot Ashley Jeraineឲ្យបោះបង់ការប្រកួត ដោយប្រើពេលត្រឹម ២នាទី និង ២៣វិនាទី។ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maithaដោយប្រើពេលត្រឹមតែ ៥៣វិនាទីប៉ុណ្ណោះ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ឲ្យបោះបង់ការប្រកួត ដោយប្រើពេល ៣នាទី និង ១៩វិនាទី ។

-ជុំទី៥ វីរកីឡាការិនី ខាន់ ចេសា នៅតែធ្វើបានយ៉ាងល្អ ដោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ដោយពិន្ទុបន្ទាប់ពីប្រើពេល៦នាទីដើម្បីក្លាយជាម្ចាស់មេដាយមាសនេះ ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានសម្ដែងនូវការអបអរសាទរនិងកោតសរសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កញ្ញា ហើយសង្ឃឹមថា មេដាយមាសនេះ នឹងក្លាយជាកម្លាំងចលនាដ៏សំខាន់មួយទៀត សម្រាប់សហព័ន្ធក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ក្នុងនាមគណៈកម្មាធិការCAMSOCនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)សូមចូលរួមអបអរសាទរជ័យជម្នះដ៏ត្រចេះត្រចង់របស់កញ្ញាខាន់ជេសាបន្ទាប់ពីទទួលបានគោលការណ៍ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានCAMSOCដែលអនុញ្ញាតឲ្យសហព័ន្ធបញ្ជូនកីឡាករកីឡាការិនីនិងជំរុញការចូលរួមប្រកួតកម្រិតពិភពលោកនេះ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក៏បានសរសេរនៅក្នុងផេកផ្លូវការរបស់សម្ដេចអបអរសាទរចំពោះមហាជោគជ័យនេះដែរ ៕