ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជាបានរាយការណ៍ពីប្រទេសហ្សកដង់មកថាអ្នកប្រដាល់កម្ពុជាសៅ រង្សីបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់អ៊ីរ៉ង់ទៅហើយ ។


នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯកទ្វីបអាស៊ី(ASIAN Elite Men and womenBoxing Championships/ASBS)។សៅ រង្សីប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមទល់ជាមួយអ្នកប្រដាល់អ៊ីរ៉ង់Mehdi Khosraviនាថ្ងៃទី២វិច្ឆិកាម្សិលម៉ិញនេះ ។

លោកអគ្គលេខាធិការបានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិនពីប្រទេសហ្សកដង់មកថាសៅ រង្សីធ្វើបានល្អនៅទឹកទី១ដោយវ៉ៃអ្នកប្រដាល់អ៊ីរ៉ង់ឲ្យអាជ្ញាកណ្ដាលរាប់៨។តែនៅទឹកទី២រង្សីមានបញ្ហាដសធ្វើឲ្យការប្រកួតរបស់គេធ្លាក់ចុះទើបគេចាញ់គូប្រកួតបែបនេះ ។

សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនអ្នកប្រដាល់សកលចំនួន៦រូបទៅចូលរួមប្រកួត។ក្នុងចំណោម៦រូបមាន៤រូបដែលសង្ឃឹមបានមេដាយដែលក្នុងនោះមានអ្នកប្រដាល់សៅ រង្សីមួយរូបដែរតែពេលនេះអ្នកប្រដាល់រូបនេះមានសំណាងមិនល្អនោះទេ ៕សរន