​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡា​ហាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឱ្យ​តំណាង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាង​ប្រជាជន​មូលដ្ឋាន​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើការ​ជួបជុំ​សម្តែង​មតិ​ក្រោម​ប្រធានបទ “​សន្និបាត​មហាជន​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​០៧:០០​នាទី រហូតដល់​ម៉ោង​១៦:៣០​នាទី ដែលមាន​អ្នកចូលរួម​ប្រមាណ​៩០០​នាក់ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ជនបរទេស​ចូលរួម​សម្ដែង​មតិ​នេះឡើយ​។

​ទន្ទឹមនឹងនេះ ការដាក់​ញត្តិ​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវធ្វើ​តាមរយៈ​មន្ត្រី​តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សម្របសម្រួល​បញ្ចូនទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើ​យោងតាម​លិខិត​សម្តេច​ក្រឡា​ហាម ស ខេង ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​ជាមួយគ្នានេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ដល់​តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាង​ប្រជាជន​មូលដ្ឋាន​ទាំងនោះ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ស្របតាម​ខ្លឹមសារ​ក្នុង កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ដែល​បាន​ឯកភាពគ្នា និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ព្រមទាំង​ត្រូវ​ធានា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​យោងតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ជម្រាប​ទៅ​តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ថា​
​ចំពោះ​សំណើសុំ​ជួបជុំ​សម្តែង​មតិ​ក្រោម​ប្រធានបទ “​សន្និបាត​មហាជន​” ដោយមាន​អ្នកចូលរួម​ប្រមាណ ៩០០​នាក់ និង​ការដាក់​ញត្តិ​តាមរយៈ​មន្ត្រី​តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ០៧:០០​នាទី ដល់​ម៉ោង ១៦:៣០​នាទី នៅ​ទីលាន​ប្រជាធិបតេយ្យ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាត​ជូន​តាម​សំណើ​។​

​ដើម្បីឱ្យ​ដំណើរការ​រៀបចំ​សម្តែង​មតិ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ លោក លោកស្រី​ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ត្រូវ​អនុវត្តតាម​ស្មារតី​អង្គប្រជុំ​ដែល​បាន​ឯកភាព​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​នានា​៕​