ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ជា​ច្រើន​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​មាន​កាំជ្រួច​មួយ​បង្ក​អោយមាន​ការប្រកាស​អាសន្ន​អោយ​អ្នកស្រុក​នៅ​ផ្នែក​នៃ​ប្រទេស​ជប៉ុន​​កណ្តាល​និង​ខាងជើង​ស្វែងរក​កន្លែង​ជ្រក​លាក់ខ្លួន​។​

​ការបាញ់​បង្ហោះ​នេះ​កើតឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច​យ៉ាងតិច​២៣​គ្រាប់ រួម​មាន​មួយ​គ្រាប់​បាន​ធ្លាក់​នៅ​ឯនាយ​ឆ្នេរ​កូរ៉េខាងត្បូង​ជា​លើកដំបូង​។​

​អ្នកស្រុក​នៅ​តំបន់​មី​យ៉ា​ហ្គី​(Miyagi) យ៉ាម៉ាហ្កា​តា​(Yamagata)​និង​នី​អ៊ី​ហ្កា​តា​(Niigata)​នៅ​ជប៉ុន​ខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវបាន​ព្រមាន​ដោយ​ស្វែងរក​កន្លែង​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ក្នុង​​អាគារ​។​ការព្រមាន​បាន​និយាយថា កាំជ្រួច​មួយ​បាន​ហោះ​លើ​និង​ឆ្លងកាត់​ជប៉ុន តែ​ក្រសួង​ការពារជាតិ​ក្រោយមក​បាន​និយាយថា​កាំជ្រួច​មិនបាន​ហោះ​លើ​ទឹកដី​ជប៉ុន​ទេ​។​

​នៅ​ប្រមាណ​២៥​នា​ទីក្រោយ​ការបាញ់​បង្ហោះ​ដំបូង​ត្រូវបាន​រាយការណ៍ កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា​កាំជ្រួច​បាន​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ​១.១០០​គីឡូម៉ែត្រ​នៅ​ខាងកើត​ជប៉ុន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​បាន​រាយការណ៍​កាំ​ជ្រួ​ច​ដំបូង​ហោះ​ក្នុងដំណាក់កាល​ផ្តាច់ខ្លួន ដោយ​បញ្ជាក់​ថា​វា​ជា​សព្វាវុធ​​ផ្លោង​ចម្ងាយ​ឆ្ងាយ​មួយ អាច​ជា​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​(ICBM)​។​នៅ​មួយ​​ម៉ោង​ក្រោយ​ការបាញ់​បង្ហោះ​ដំបូង យោធា​កូរ៉េខាងត្បូង​និង​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​រាយការណ៍​ការបាញ់​បង្ហោះ​ទី​ពីរ​ចេញពី​កូរ៉េខាងជើង​។ កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បន្ទាប់មក​បាន​រាយ​ការណ៍​ការបាញ់​បង្ហោះ​​ទី​បី​។​

​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ជាង​ម្ភៃ​ដើម​កាលពី​ថ្ងៃ​ពុធ រួម​មាន​មួយ​គ្រាប់​ធ្លាក់​នៅ​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​ពី​ឆ្នេរ​កូរ៉េខាងត្បូង ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​-​យ៉ូល បាន​ពណ៌នា​​ការហោះ​របស់​កាំជ្រួច​ថា​«​ទន្ទ្រាន​ទឹកដី​»​ហើយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ថ្កោលទោស​វា​ថា​ជា​«​ការធ្វេសប្រហែស​»​។​

​កូរ៉េខាងត្បូង​កាលពីថ្ងៃពុធក៏​បាន​ចេញ​ការព្រមាន​អំពី​ការវាយប្រហារ​តាម​អាកាស​ដ៏​កម្រ​និង​បាន​បាញ់​កាំជ្រួច​របស់​ខ្លួន​ផ្ទាល់​ជា​ការឆ្លើយតប​។​

​ការបាញ់​កាំជ្រួច​សន្ធឹកសន្ធាប់​នេះ​កើតឡើង​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ទាមទារ​អោយ​អាម៉េរិក​និង​កូរ៉េ​ខាងត្បុង​បញ្ឈប់​សមយុ​ទ្ធយោ​ធារួ​ម​គ្នាដ៏​ធំ​ដែល​កំពុង​ធ្វើ​ឡើង​និង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ខាង​​មុខ​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ថា​ជា​«​ការបង្ក​រឿង​និង​ជាការធ្វេសប្រហែស​ដែល​នឹង​លែង​អាច​អត់​ឳ​ន​អោយបាន​តទៅទៀត​»​។​

​សម្ពន្ធមិត្ត​ទាំងពីរ​បាន​និង​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​ធំ​បំផុត​ដោយ​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​២៤០​គ្រឿង​មក​ពី​ភាគី​ទាំងពីរ រួម​មាន​យន្តហោះ​ទំនើប F-35 ផង​ក្នុង​ការហ្វឹកហាត់​ពេញ​២៤​ម៉ោង​លើ​២៤​ម៉ោង​ធ្វើ​ហាក់ដូចជា​មាន​សង្គ្រាម​ពិត​៕

​កាលពី​ថ្ងៃ​៤​តុលា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​មួយ​លើ​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ជាហេតុ​នាំ​អោយ​មាន​ការ​ព្រមាន​អោយ​អ្នកស្រុក​រក​កន្លង​ជ្រក​លាក់​ខ្លួន​ដែរ​