ដោយ​៖​ ដេប៉ូ​/​ភ្នំពេញ​៖ លោកស្រី ចាន់ សូ​ម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖ គិត​រហូតមក​ដល់ពេលនេះ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ប្រមូល​សំណាក​កេសរ​កូ​ល​ប្រមាណ ៥០០០ សំណាក​ស្មើនឹង ២១០ ប្រភេទ និង​បាន​កត់ត្រា​ចូល​ប្រព័ន្ធ​ទិន្នន័យ​បាន​ចំនួន ១១៤ ប្រភេទ​។​

​លើកឡើង​នៅក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន និង​ការចូលរួមចំណែក​អភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ លោកស្រី ចាន់ សូ​ម៉ាលី បានឱ្យដឹងថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន បាននិងកំពុង​ប្រមូល​និង​រក្សា​ពូជ​កេសរ​កូ​ល​ព្រៃ​ពី​គ្រប់​រាជធានី ខេត្ត​ជាពិសេស​មកពី​ខេត្ត​ព្រះសីហនុ កោះកុង កំពត សៀមរាប និង​មណ្ឌលគិរី​។ ចាប់តាំងពី​ឆ្នាំ ២០១៩ មក មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន បាន​ប្រមូល​សំណាក​កេសរ​កូ​ល​ប្រមាណ ៥០០០ សំណាក​ស្មើនឹង ២១០ ប្រភេទ និង​បាន​កត់ត្រា​ចូល​ប្រព័ន្ធ ទិន្នន័យ​បាន​ចំនួន ១១៤ ប្រភេទ​។ ជាមួយគ្នានេះ មជ្ឈមណ្ឌល​បាន​បញ្ជូន​សំណាក​ចំនួន ២៣ ប្រភេទ​ទៅ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​ប៉ារីស​។ យោងតាម​ការសិក្សា កម្ពុ​ជាមាន​កេសរ​កូ​ល​ព្រៃ​ប្រមាណ​ជាង ៥០០ ប្រភេទ​ដែល​មន្ត្រី​ជំនាញ​បាននិងកំពុង​សិក្សា​ស្រាវជ្រាវ បន្ថែម​។

​ក្នុង​ពិធី​នេះដែរ លោកស្រី ចាន់ សូ​ម៉ាលី បានលើកឡើង​ពី​វឌ្ឍនភាព​ការងារ​សំខាន់ៗ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ការបែងចែក​តំបន់​អភិវឌ្ឍន៍​របស់​មជ្ឈមណ្ឌល​, ការរៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន​, ការសិក្សា​ស្រាវជ្រាវ​, ការអប់រំ​ផ្សព្វផ្សាយ​, ការរៀបចំ​ចិញ្ចឹម​ជ្រូក​គូលែន និង​កិច្ចសហការ​ជាមួយ​ដៃគូ និង​យន្តការ​អភិវឌ្ឍន៍​។

​លោកស្រី​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា មន្ត្រី​នៃ​ក្រសួងបរិស្ថាន​ក៏បាន​ចូលរួម​គាំទ្រ​លើ​ការរៀបចំ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយបាន​ចូលរួម​ការសម្អាត​ដី​ឡូ​តិ៍​ក្នុង​តំបន់​ទាំង ៧ នៃ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ការដាំ​ដើមឈើ​ហូប​ផ្លែ​នៅក្នុង​ដី​ឡូ​តិ៍​ផ្ទះ​គំរូ​តំបន់​១ ចំនួន​២៥៥​ឡូ​តិ៍​, ការជួយ​រុះរើ​តូប និង​រោង​នៅ​តំបន់រ​រមនីយដ្ឋាន​អង្គរ និង​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​៕​