ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​បាន​ច្រាន​ចោល​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការបង្កើតគណៈក​ម្មការ​មួយដើម្បី​ស៊ើបអង្កេត​​ការអះអាង​គ្មាន​មូលដ្ឋាន​របស់​ខ្លួន​ថា អ៊ុយ​ក្រែ​ន​និង​សហរដ្ឋអាម៉េរិ​ក​កំពុង​ធ្វើ​សកម្មភាព “​ជីវសាស្ត្រ​យោធា​” ដែល​បំពាន​លើ​អនុសញ្ញា​ហាមឃាត់​ការប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​។​

​រុស្ស៊ី​ទទួលបាន​ការគាំទ្រ​តែ​ពី​ចិន​ប៉ុណ្ណោះ​ក្នុង​ការបោះ​ឆ្នោត​លើ​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន ដោយ​សហរដ្ឋ​អាម៉េរិក អង់គ្លេស និង​បារាំង​បាន​បោះ “​បដិសេធ​” និង​ក្រុមប្រឹក្សា​១០​ប្រទេស​ផ្សេង​ទៀត​បោះ​អនុប្បវាទ​។ សេចក្តីសម្រេចចិត្ត​នេះ​មិន​ត្រូវបាន​អនុម័ត​ទេ ដោយសារ​វា​មិន​ទទួលបាន​សំឡេង “​គាំទ្រ​” អប្បបរមា​ចំនួន​ប្រាំបួន ដែល​ត្រូវការ​សម្រាប់​ការអនុម័ត​។​

​ការបោះឆ្នោត ២-៣-១០ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការបន្ត​ការជំទាស់​និង​ការសង្ស័យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អំពី​សកម្មភាព​របស់​រុស្ស៊ី ចាប់តាំងពី​ការឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​ក្រុម​​ប្រឹក្សា​នេះ​ត្រូវបាន​បង្អាក់​ពី​ការចាត់វិធានការ​ណាមួយ​ប្រឆាំង​នឹង​ការវាយលុក​យោធា​របស់​រុស្ស៊ី ដោយសារ​តែ​អំណាច​វេតូ​របស់​រុស្ស៊ី​។​

​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​ចិត្ត​និង​ឯកសារ​កម្រាស់ ៣១០ ទំព័រ​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​កាលពី​សប្តាហ៍​មុន ដោយ​ចោទប្រកាន់​ថា​សកម្មភាព​ជីវសាស្ត្រ​យោធា​កំពុង​កើត​​ឡើង​នៅ​មន្ទីរពិសោធន៍​ជីវសាស្ត្រ​ក្នុងប្រទេស​អ៊ុយ​ក្រែន​ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ការពារជាតិ​អាម៉េរិក​។​

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី (Dmitry Polyansky) បាន​និយាយ​បន្ទាប់ពី​ការបោះឆ្នោត​ថា រដ្ឋាភិបាល​របស់​លោក “​មាន​ការខកចិត្ត​ជា​ខ្លាំង​”​ដែល​ក្រុមប្រឹ​​ក្សានេះ​មិន​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​ខ្លួន​ក្នុង​ការបង្កើត​គណៈកម្មកា​រ​មួយ​។ សេចក្តីសម្រេចចិត្ត​ដែល​បាន​ស្នើ​ឡើង​របស់​ខ្លួន​បាន​អំពាវនាវ​ឱ្យ​សមាជិក ១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​អនុវត្ត​ការស៊ើបអង្កេត​លើ​ពាក្យបណ្តឹង​របស់​រុស្ស៊ី ដូចដែល​បាន​អនុញ្ញាត​ក្នុង​មាត្រា ៦ នៃ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ ហើយ​បង្ហាញ​របាយការណ៍​ជាមួយ​នឹង​អនុសាសន៍​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​នៅត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា​។​

​លោក​ប៉ូ​លី​យ៉ាន​ស្គី​បាន​អះអាងថា “​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​បង្ហាញ​គ្រប់​មធ្យោបាយ​ថា​ច្បាប់​មិន​អនុវត្ត​ចំពោះ​ពួកគេ​ទេ​” និង​”​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ជាន់ឈ្លី​រាល់​បទដ្ឋាន​ទាំងឡាយ​​ដើម្បី​ជំទាស់​នឹង​ច្បាប់​” ដោយ​ចោទប្រកាន់​ពួកគេ​ថា​មាន “​ផ្នត់គំនិត​អាណានិគម​”​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អ​.​ស​.​ប លោកស្រី លីន​ដា ថូ​ម៉ាស ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​តបត​វិញ​ថា សហរដ្ឋ​អាម៉េរិក​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​នេះ “​ដោយសារ​តែ​វា​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត ភាពមិនស្មោះត្រង់ ជំនឿ​មិនល្អ និង​កង្វះ​ការគោរព​ទាំងស្រុង​ចំពោះ​ស្ថាប័ន​នេះ​”៕

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី​