​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​លួច​ដឹក​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ “​ក្នុង​ចំនួន​ដ៏​ច្រើន​” ឱ្យទៅ​រុស្ស៊ី​ជាសម្ងាត់​ដើម្បី​គាំទ្រ​​ដល់​ការឈ្លានពាន​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក ច​ន កឺ​ប៊ី (John Kirby) បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ជឿ​ថា​កូរ៉េ​ខាងជើង​”​កំពុង​ព្យាយាម​ធ្វើឱ្យ​វា​ហាក់ដូចជា​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​​នៅ​មជ្ឈិមបូព៌ា​ឬ​អាហ្វ្រិក​ខាងជើង​”​។

​លោក​បាន​បដិសេធ​មិន​ផ្តល់​ការប៉ាន់ប្រមាណ​ជាក់លាក់​អំពី​ចំនួន​គ្រាប់​ដែល​បាន​បញ្ជូន ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ទេ​។​

​លោក​កឺប៊ី​បាន​និយាយថា កូរ៉េខាងជើង “​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​” នូវ​គ្រាប់កាំភ្លើង​ធំ​ដល់​រុស្ស៊ី ប៉ុន្តែ​ថា​”​យើង​នៅតែ​កំពុង​តាមដាន​រឿង​នេះ​ដើម្បី​កំណត់​ថា​តើ​គ្រាប់​នាំចេញ​ទាំងនោះ​ពិតជា​ត្រូវបាន​​ទទួល​ហើយ​ឬ​យ៉ាងណា​”​។ លោក​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក “​បានដឹង​” ថា​តើ​ប្រទេស​មួយ​ណា​ឬ​ប្រទេស​ណា​ដែល​កូរ៉េខាងជើង​អាច​ដឹកជញ្ជូន​សព្វាវុធ​ឆ្លងកាត់ ប៉ុន្តែ​នឹង​មិន​បញ្ជាក់​នោះទេ​ព្រោះ​រដ្ឋ​​បាល​នៅ​កំពុង​បន្ត​ពិនិត្យមើល​ថា​តើ​ខ្លួន​អាច​ឆ្លើយតប​នឹង​សកម្មភាព​របស់​កូរ៉េខាងជើង​យ៉ាងដូចម្តេច​។​

​លោក​កឺប៊ី​បាន​ទទូចថា ការនាំចេញ​របស់​កូរ៉េខាងជើង “​នឹង​មិន​ផ្លាស់ប្តូរ​ដំណើរ​នៃ​សង្គ្រាម​នោះ​ទេ​” ដោយ​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ខាងលិច​ដើម្បី​ផ្គត់ផ្គង់​យោធា​អ៊ុយ​ក្រែន​ឡើងវិញ​។​

​សេត​វិមាន​មិន​បាន​បញ្ជាក់​អំពី​មធ្យោបាយ​ដឹកជញ្ជូន​ឬថា​តើ​សហរដ្ឋ​អាម៉េរិក​ឬ​ប្រទេស​ផ្សេង​ទៀត​នឹង​ព្យាយាម​រារាំង​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី​ឬ​យ៉ាងណា​នោះ​ទេ​។​

​សេត​វិមាន​បានបង្ហាញ​ព័ត៌មាន​ចារកម្ម​សម្ងាត់​ថ្មី​នេះ ជិត​ពីរ​ខែ​បន្ទាប់​ពី​ការចោទប្រកាន់​ដំបូង​ថា មន្ត្រី​ចារកម្ម​អាម៉េរិក​បាន​កំណត់​ថា​ក្រសួងការពារជាតិ​រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ទិញ​រ៉ុក្កែត​​និង​កាំភ្លើង​ធំ​រាប់លាន​គ្រាប់​ពី​កូរ៉េខាងជើង​សម្រាប់​ការប្រយុទ្ធ​ជា​បន្ត​របស់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​៕

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក ច​ន កឺ​ប៊ី​