ដោយ: ពៅនិមល / ភ្នំពេញ៖ គិតចន្លោះពីពេលនេះ ទៅដល់ដំណាច់ឆ្នាំ២០២២ នេះ ផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងអាចទទួលបានក្រុមហ៊ុន យ៉ាងតិចចំនួន ៣ បន្ថែមទៀត ដែលបានកំពុងរៀបចំឯកសារ និងបំពេញនីតិវិធី បោះផ្សាយ ហើយក្នុងចំណោមក្រុមហ៊ុន ទាំង ៣ នេះ មានក្រុមហ៊ុនមួយទៀត គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណបៃតង ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃផ្សារមូលបត្រកម្ពុជា។

នៅក្នុងសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តភាព” កាលពីថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងទៅ លោក ហុង សុហួរ បានបញ្ជាក់ថាៈ គិតមកដល់ពេលនេះ កម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៧ ដែលរួមមាន ក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង ៨ ទៀត បានចុះបញ្ជី ជាសញ្ញាបណ្ណសាជីវកម្ម។ បច្ចុប្បន្ន ក៏មានក្រុមហ៊ុនមួយ ឈ្មោះថា ហ្គោលដេន ទ្រី ដែលប្រតិបត្តិការចម្បង ផ្តល់សេវាកម្មជួលការិយាល័យ កំពុងបំពេញនីតិវិធីបោះផ្សាយ សញ្ញាបណ្ណបៃតង។

លោកបានបន្តថាៈ សញ្ញាបណ្ណបៃតងសង្គម និងសញ្ញាបណ្ណនិរន្តរភាព គឺជាឧបករណ៍ ហិរញ្ញវត្ថុថ្មី មានភាពទាក់ទាញ និងផ្តល់ជាប្រយោជន៍ ជាច្រើន មកកាន់សង្គម និងសេដ្ឋកិច្ចជាតិ ស្របពេលដែលទីផ្សាររបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ ជាមួយនឹងការកើនឡើង យ៉ាងខ្លាំងនូវចំនួន វិនិយោគិន និងទំហំជួញដូរ។

លោកបានលើកឡើងទៀតថាៈ ជាមួយនឹងជម្រើសហិរញ្ញប្បទានថ្មី ទៅកាន់ក្រុមហ៊ុន សក្តានុពល ក៏ដូចជា ឧបករណ៍វិនិយោគថ្មី ដែលនឹងមកដល់បន្តបន្ទាប់ សម្រាប់ វិនិយោគិន លោកសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើឲ្យទីផ្សាររបស់យើង កាន់តែទទួលបាន ភាពទាក់ទាញ មួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ វិស័យឯកជន ឲ្យបានកាន់តែខ្លាំង និងកាន់តែពេញលេញ។

ជាមួយគ្នានេះ លោក សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា បានមាន ប្រសាសន៍ថាៈ គិតមកដល់បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា បានបន្តទៅមុខជាលំដាប់ តាមរយៈការចុះបញ្ជីលក់មូលបត្រ និងការចូលរួមរបស់តួអង្គពាក់ព័ន្ធផ្សេងៗទៀត។

លោកបានបន្តថាៈ ដូច្នេះ ទាក់ទងការបោះផ្សាយលក់មូលនិធិ គឺសំដៅទៅដល់ការបោះ ផ្សាយ ដោយធ្វើឡើង តាមរយៈក្រុមហ៊ុន និងតួអង្គពាក់ព័ន្ធ ដែលទទួលបានអាជ្ញាប័ណ្ណ និងការអនុញ្ញាតពីក្រសួង ស្ថាប័នមូលបត្រ ហើយនឹងបោះផ្សាយ ស្របតាមបទប្បញ្ញត្តិ ដែលចេញជាធរមាន នាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើង និងចាប់ផ្តើមដំណើរការជួញដូរ ជាលើកដំបូង នៅក្នុងឆ្នាំ២០១២ ជាមួយនឹងវត្តមានរបស់ ក្រុមហ៊ុនតែមួយគត់ គឺរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដែលជាសហគ្រាសសាធារណៈ ក្រោមការគ្រប់របស់រដ្ឋ។
ក្នុងឆ្នាំ២០១៥ ទីផ្សារកំណើន ត្រូវបានបង្កើតឡើង ដែលទីផ្សារនេះ អនុញ្ញាតឲ្យ សហគ្រាសធុនតូច និងមធ្យម ធ្វើការកៀរគរទុនជាមួយនឹងលក្ខខណ្ឌចុះបញ្ជី ងាយស្រួល ជាងលក្ខខណ្ឌចុះបញ្ជីនៅទីផ្សារគោល ដោយគ្រាន់តែចំណេញមួយដុល្លារ ក៏អាចចុះ បញ្ជីបាន ជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀត។

បន្ទាប់មកទៀត នៅក្នុងឆ្នាំ២០១៧ ហិរញ្ញប្បទានកម្ចី ត្រូវបានបង្កើតឡើងដែលយើង អាច ហៅម្យ៉ាងទៀតថា មូលបត្របំណុល ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ធនាគារពាណិជ្ជ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕/V-PC

ចំណងជើងរូបភាព៖ ផ្សារមូលបត្រកម្ពុជាបើកសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តភាព”
រូបភាព៖ ពៅនិមល