ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញ៖ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group ដែលជា ក្រុមហ៊ុនធំមួយ របស់ប្រទេសកូរ៉េ បានសម្រេច ជ្រើសរើសកំពូលតារាចម្រៀង ក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជាBrand Ambassador តំណាងឱ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមក ក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ដែលពិធីចុះហត្ថលេខា បានធ្វើឡើង កាលពីដើមចុងសប្ដាហ៍ កន្លងទៅ នៅអាគារ Morgan កោះពេជ្រ។

ANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំ នៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្ម ផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។នាពេលឆាប់ៗ ខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើង ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេស គឺផលិតផលទឹកផ្លែឈើ និងដំណាប់ នៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសកូរ៉េ ខាងត្បូង ជប៉ុន ចិន សាំងហ្គាពួរ និងហុងកុង ។ល។

ជាមួយនឹងការងារជា Brand Ambassador កញ្ញា តន់ ចន្ទសីម៉ា និងត្រូវធ្វើការ ងារជាច្រើន ជាមួយក្រុមហ៊ុនកូរ៉េ ក្នុងនាមជាអ្នកផ្សព្វផ្សាយ ផលិតផលក្រុមហ៊ុន តាមការព្រមព្រៀងគ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់ តន់ ចន្ទសីម៉ា បន្ទាប់ពីប្រជា ប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រខ្លាំង វ៉ាដាច់គេ។ បែបណាក្ដី ហ្គាឡាក់ស៊ី ណាវ៉ាត្រា មិនបានទម្លាយពីតម្លៃខ្លួនរបស់កញ្ញា តន់ ចន្ទសីម៉ា លើកការងារជា Brand Ambassador ជាមួយANDAMI Group នោះឡើយ៕ V / N