ដោយៈសុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

រូបថត ( សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា )

ជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍ បានអនុម័តទទួលយកសំណើសុំ អនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភាវិញ។

ជាមួយគ្នានេះ កិច្ចប្រជុំ ក៏បានអនុម័តទទួលយកសេចក្តីស្នើច្បាប់ ចំនួនបីរបស់ រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាដែរ។ សេចក្តីស្នើច្បាប់ទំាងបីនោះ មានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖​ ១-ពិធីសារ ទាក់ទងនឹងការធ្វើវិសោធនកម្ម អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយ បន្ថែម មាត្រា ៣ ស្ទួន​, ២-ពិធីសារទាក់ទងនឹង​ការធ្វើវិសោធនកម្មមាត្រា៥០ (ក) នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ​ និង៣- ពិធីសារទាក់ទងនឹងការធ្វើ វិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕ V / N