ដោយ៖ បញ្ញាសាស្រ្ត / ភ្នំពេញ៖ តារាសម្តែងជាច្រើនដួង បានបង្ហាញវត្តមាន យ៉ាងស្រស់សង្ហារ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកម្មវិធី Showcase 2023 របស់ ស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) ដើម្បីបង្ហាញអំពីសមិទ្ធផល ក្នុងការផលិត និងការនាំយកនូវកម្មវិធីកម្សាន្ត និងភាពយន្តភាគល្បីៗ ព្រមទាំងកម្មវិធី ព័ត៌មាន ដែលចេញពីប្រភពច្បាស់លាស់ ទុកចិត្តបាន។

ជាការពិតណាស់ បច្ចុប្បន្ននេះ សម្រាប់ភាពយន្តភាគខ្មែរ ដែលស្ថានីយទូរទស្សន៍ ភីអិនអិន បាននឹងកំពុងសហការជាមួយ បណ្តាផលិតកម្មធំៗ ក្នុងស្រុកជាច្រើន សុទ្ធតែត្រូវបានសម្រិតសម្រាំង យ៉ាងពិសេសនូវស្នាដៃតែងនិពន្ធ ការដឹកនាំផលិត និង ជាពិសេស ការជ្រើសតួសម្តែង ដើម្បីឱ្យស័ក្តិសមជាមួយសាច់រឿង។ ដោយមើលឃើញ ពីការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ នៅឆ្នាំ២០២៣ ខាងមុខ ស្ថានីយឈានមុខគេមួយនេះ នៅតែរក្សារជំហរយ៉ាងម៉ឹងម៉ាត់របស់ខ្លួន ក្នុងការផលិត ភាពយន្តភាគខ្មែរល្អៗ ជាបន្តបន្ទាប់ ធានាបានទាំងគុណភាព រូបភាព និងសម្លេង សាច់រឿងជក់ចិត្ត និងមិនធ្វើឱ្យទស្សនិកជន ខកបំណងឡើយ ជាមួយទំហំទឹកប្រាក់ ក្នុងការចំណាយរហូតដល់ខ្ទង់លានដុល្លារឯណោះ។

ភាពយន្តភាគខ្មែរធំៗ មួយចំនួន ដែលនឹងត្រូវចាក់ផ្សាយ នៅឆ្នាំ២០២៣ នេះ រួមមាន៖ រឿង «លួចស្នេហ៍គូដណ្តឹង» រឿង «សង្គ្រាមមហិច្ឆតា» រឿង «រងើកភ្លើងអនឡាញ» រឿង «កូនចៅក្លែងកាយ ចៅហ្វាយកំពូលកូរ» និងរឿង «បុព្វេនិមិ្មត» ជាដើម។
ខ្សែភាពយន្តភាគខ្មែរទាំងនេះ នឹងធ្វើឱ្យទស្សនិកជន ទទួលបានអារម្មណ៍ប្លែក ដោយសារតែសាច់រឿង ត្រូវបានបង្ហាញគ្រប់រសជាតិ មានទាំងស្នេហាស្មោះស្ម័គ្រ ស្នេហាក្បត់ចិត្ត ដោយភាពលោភលន់ ជីវិតតស៊ូ និងលាយឡំជាមួយភាពកំប្លុកកំប្លែង ជាដើម ។ល។

រីឯតួសម្តែងសុទ្ធតែត្រូវបានជ្រើសរើស សម្រិតសម្រាំង ជាតារាល្បីៗ វ័យក្មេង និងមានទេពកោសល្យ ក្នុងការសម្តែងខ្ពស់។ មិនត្រឹមតែបានទស្សនា រឿងភាគខ្មែរដ៏ ជក់ចិត្ត ប៉ុណ្ណោះទេ ភាពយន្តភាគថៃ និងភាពយន្តភាគចិនវិញ ក៏ត្រូវបានសម្រិតសម្រាំង នាំយករឿងភាគដែលល្អៗ នាំយករឿងភាគ ដែលទទួលបានការទស្សនា និងគាំទ្រច្រើន មកចែកជូនទស្សនិកជន នៅកម្ពុជា បានទស្សនាផងដែរ។

ដោយឡែក សម្រាប់កម្មវិធីកម្សាន្ត និងកម្មវីធីតន្ត្រី បច្ចុប្បន្ននេះ ក៏បានធ្វើឱ្យទស្សនិកជន រីករាយ ទទួលបានចំណេះដឹងថ្មីៗ ការអប់រំល្អៗ ដែលមានដូចជា កម្មវិធី «Freshy Winner» «តូចខ្លឹមខ្លាំង» «កម្មវិធីប្រដាល់ Ganzberg OneStrike» «អ្នកជិតខាង» «គ្រួសាររីករាយ» រីឯកម្មវិធីតន្ត្រីរួមមាន កម្មវិធី «Boostrong Gold Medal Concert 2022» «តន្ត្រី Freshy Happy Concert» និងតន្ត្រី «Gazberg Uber Concert»។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីកំប្លែងចំនួនបី ដែលកំពុងតែដំណើរការចាក់ផ្សាយដូចគ្នា និងកំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំងដែរនោះ រួមមាន កម្មវីធី «ល្អមើល ល្អសើច» «ផ្ទះលេខ១ ផ្ទះលេខ២» «១៦៨យប់» ដែលតែងតែបម្រើអារម្មណ៍ទស្សនិកជន នៅរៀងរាល់ចុងសប្តាហ៍។

ចំណែកកម្មវិធីកម្សាន្តថ្មីមួយចំនួន ដែលទើបតែដំណើរការផ្សាយ និងកំពុងតែទទួលបាន ការគាំទ្រខ្លាំង ពីទស្សនិកជនដែរនោះ គឺកម្មវិធី «The Wall Song» ដែលជាកម្មវិធីល្បីមួយ នៅឯប្រទេសថៃ និងទទួលបានសិទ្ធិ ក្នុងការផលិតបន្តចំនួន៤ ប្រទេសមកហើយ រួមមាន ប្រទេសហូឡង់ ប្រេស៊ីល វៀណាម និងប្រទេសកម្ពុជា តាមរយៈស្ថានីយទូរទស្សន៍ ភីអិនអិន ផ្ទាល់តែម្តង។

សម្រាប់កម្មវិធីព័ត៌មានវិញនោះ នៅឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានកម្មវិធីថ្មីៗ ជាច្រើនបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីឱ្យទស្សនិកជន ទទួលបានព្រឹត្តិការណ៍ព័ត៌មាន សម្បូរបែបថែមទៀត មិនថាទាំងក្នុង ឬក្រៅប្រទេស។

កាន់តែពិសេសទៀតនោះ ភីអិនអិន បានបង្ហើបឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានវត្តមាន នៃកម្មវិធីទូរស័ព្ទដៃ (Mobile App) ដែលមាន ឈ្មោះថា PNN PLUS ដែលនឹងធ្វើឱ្យទស្សនិកជន កាន់តែមានភាពងាយស្រួល ក្នុងការទស្សនាកម្មវិធីផ្សាយ របស់ភីអិនអិន បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

គួរឱ្យកត់សម្គាល់ដែរថា ចាប់តាំងពីដំណើរការផ្សាយ នៅពាក់កណ្តាលឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន ត្រូវបានចាត់ទុកថា ជាស្ថានីយដ៏ ទំនើប និងឈានមុខគេមួយ ទាំងបច្ចេកទេស ទាំងការផលិតភាពយន្តភាគខ្មែរ ផលិតកម្មវិធីកម្សាន្ត ដ៏មានប្រជាប្រិយភាព និងការនាំយកនូវរឿងភាគបរទេសល្អៗ មានទាំងរឿងថៃ រឿងចិន រួមទាំងកម្មវិធីល្បីៗជុំវិញពិភពលោក មកចែកជូនជា ទស្សនីយភាព ក៏ជក់ចិត្ត មានគ្រប់រសជាតិ សម្រាប់ទស្សនិកជន។ យើងខ្ញុំដែលជា ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកនៃស្ថានីយទូរទស្សន៍ ភីអិនអិន នឹងរិះរកនូវយុទ្ធសាស្ត្រល្អៗ គំនិតថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន មិនអោយខកបំណងឡើយ៕ V / N