ដោយៈ ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃ៖ ដោយសារសមត្ថកិច្ចថៃ រឹតបន្តឹងការចេញ-ចូល ប្រទេស លើសិស្សានុសិស្ស ជាជនជាតិខ្មែរ ដែលទៅរៀននៅសាលារៀនថៃ ជាប់ព្រំដែន កម្ពុជានោះ បងប្អូនអាជីវករខ្មែរ នៅផ្សាររោងក្លឿ ដែលជាអាណាព្យាបាល របស់ពួកគេ បានលើកគ្នាទៅសុំអន្តរាគមន៍ នៅមុខស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ដែលស្ថិតនៅស្រុកអញ្ញាប្រាថេត កាលពីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ប្រភពព៍ត៌មានពីច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹង នាល្ងាចថ្ងៃទី២ ខែវិច្ឆិកាថា: នៅដើមសប្តាហ័ទី១ នៃខែវិច្ឆិកានេះ មន្ត្រីនគរបាល អន្តោប្រវេសន៍ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក បានរឹតបន្តឹង ចំពោះការចេញ ចូលរបស់សិស្សានុសិស្ស សាលាបឋមសិក្សា ដែលជាជនជាតិខ្មែរ លើការឆ្លងដែនតាម ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ចូលទៅក្នុងទឹកដីប្រទេសថៃ។ ពោលគឺ តម្រូវឱ្យទាល់តែមានអាណាព្យាបាល ជូនទាំងចេញ ទាំងចូល មិនអនុញ្ញាតឱ្យក្មេងៗ ទាំងនោះ ចេញ ចូលដូចថ្មើរេជើង ឬដោយមធ្យោបាយកង់ ម៉ូតូ ឬជិះរទេះឆៃកែវ ដូចមុនឡើយ ។

ក្នុងការរឹតបន្តឹងនេះ សមត្ថកិច្ចថៃ បានលើកឡើងថាៈ មកពីពួកកុមារ សិស្សទាំងនោះ បានធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងមានការខកខាន ឬយឺតយ៉ាវ សម្រាប់ការសិក្សា របស់សិស្សានុសិស្សទាំងនោះ។ ហើយការរឹតបន្តឹងនេះ ទុកដូចជាជួយសម្រួល ដល់ពេលវេលា សន្តិសុខ សុវត្ថិភាព ឬបញ្ហាជាយថាហេតុ អ្វីកើតឡើងដល់ក្មេងៗ ទាំងនោះទៅវិញទេ។

ក្រោយពីមានករណីនេះ ក៏មានពលរដ្ឋខ្មែរដែលជាអាណាព្យបាលសិស្សទាំងនោះ ទៅសុំអន្តរាគមន៍ នៅមុខស្ថានអគ្គកុងស៊ុល ។ លោក នេត សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានឱ្យដឹងថាៈ ករណីនេះ ដំណឹងដែលលោកទទួលថា អាជីវករតវ៉ា គឺ ដំបូង បងប្អូនអាជីវករខ្មែរ ដែលជាអាណាព្យាបាលសិស្ស បានចោទថា ការរឹតបន្តឹងនោះ គឺខាងនគរបាលអន្តោប្រវេសន៍កម្ពុជា (ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត) ជាអ្នករឹតបន្តឹង ។ ហេតុនេះ ក្រុមការងារស្ថានអគ្គកុងស៊ុលកម្ពុជា បានស្នើចុះពិនិត្យ ស្រាវជ្រាវ ហើយក៏រកឃើញថា ខាងនគរបាលអន្តោប្រវេសន៍ ភាគីថៃ នៅច្រកព្រំដែនអន្តរជាតិ ខ្លងលឹក ទៅវិញទេ ជាអ្នករឹតបន្តឹង ។

ចំណែកខាងភាគីកម្ពុជា តែងតែសម្របសម្រួល ហើយស្នើសមភាគីថៃ អធ្យាស្រ័យ និងជួយអប់រំ ណែនាំ មុននឹងចាត់វិធានការ ឬផ្លាស់ប្តូរការអនុវត្តនេះ ។

លោក នេត សេរី បានបន្តថាៈ ការរឹតបន្តឹងនេះ គឺបង្កលក្ខណៈងាយស្រួលជូន ពួកគាត់ បានចេញចូលស្រួល និងលឿន ។ តែទោះជាយ៉ាងណាក៏ដោយ ករណីនេះ ស្ថានអគ្គកុងស៊ុល នឹងខិតខំស្នើកិច្ចសហប្រតិបត្តិការ ពីអាជ្ញាធរមានសមត្ថកិច្ចថៃ ដោយព្យាយាមសម្របសម្រួល ដើម្បីបានសិស្សានុសិស្ស ជនជាតិកម្ពុជាទាំងនោះ បានចេញ ចូល តាមគោលការណ៍ចាស់ដដែលដូចមុន ។

រីឯលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន  នាយប៉ុស្តិ៍នគរបាលចក្រទ្វារអន្តរជាតិប៉ោយប៉ែត ( អន្តោប្រវេសន៍) ធ្លាប់បានប្រាប់ថាៈ បច្ចុប្បន្ន ពលរដ្ឋខ្មែរ រស់នៅក្រុងប៉ោយប៉ែត ហើយ ទៅប្រកបរបររកស៊ី នៅផ្សាររោងក្លឿ ទល់មុខក្រុងប៉ោយប៉ែត មានកូនចៅជាសិស្ស ចូលទៅរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរដ្ឋ ឬឯកជនរបស់ថៃ នៅភូមិសាស្ត្រ ស្រុកអារញ្ញ មានប្រមាណ ២៧០ ទៅ ៣០០ នាក់ ដែលចេញ ចូល (ព្រឹកវិលល្ងាច) ក្នុង១ថ្ងៃ ឆ្លងកាត់ច្រកទ្វារព្រំដែននេះ ។

លោកបានបន្តថាៈ ករណីនេះ កម្លាំងនគរបាលរបស់លោក តែងធ្វើការសម្របសម្រួល ជាមួយនគរបាលអន្តោប្រវេសន៍ថៃ ដើម្បីបង្កលក្ខណៈងាយស្រួល ឱ្យដំណើរចេញ ចូល របស់កូនសិស្សទាំងនោះ បានរលូន បង្ការបញ្ហានានា ពិសេសជួយឱ្យពួកគេ បានទៅរៀន ទាន់ពេលវេលា ។

លោកបានបន្តថាៈ ចំពោះឯកសារបែបបទ ដែលសិស្សានុសិស្ស ត្រូវប្រើប្រាស់កន្លងមក មានប័ណ្ណព្រំដែន និងកាត់ឈ្មោះពីសាលា ដែលសិស្សរៀនភ្ជាប់ជាមួយកាតចាក់វ៉ាក់ សាំងកូវីដ ១៩ ។ ឯប័ណ្ណព្រំដែនខ្លះ គឺគាត់ប្រើជាមួយប័ណ្ណព្រំដែនរបស់អាណាព្យាបាល សម្រាប់អាយុក្រោម ១១ ឆ្នាំ ។ ដោយឡែក ចំពោះក្មេងជាសិស្សសាលា ចាប់ពីអាយុ ១១ ឆ្នាំឡើង តម្រូវឱ្យប្រើប័ណ្ណព្រំដែនផ្ទាល់ខ្លួន ហើយសុទ្ធតែត្រូវបានសម្រួលបោះត្រា ចេញចូលយ៉ាងលឿន ។

នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ទាំងពីរ កម្ពុជា និងថៃ បានសហការគ្នា ប្រជុំរកដំណោះ ស្រាយមួយ ផ្តល់ភាពកាន់តែងាយស្រួល ជូនដល់ពួកគាត់ ជាសិស្សសាលាបន្ថែមទៀត ។ ក្នុងនោះ បើមានការឯកភាព នឹងធ្វើកាតថ្មី បិទលើប័ណ្ណព្រំដែន ដល់សិស្សសាលា ដែលចេញចូលទាំងអស់ ដោយកាតនេះ យើងតម្រូវប្រថាប់ ក្នុងមួយសប្តាហ៍ម្តង ។

សូមបញ្ជាក់ថា បើតាមមន្ត្រីមន្ទីរអប់រំ និងសិក្សាធិការ តំបន់១ ខេត្តស្រះកែវរបស់ថៃ បានឱ្យដឹងថាៈ មុនបរិបទនៃវិបត្តិការរីករាលដាលជំងឺកូវីដ ១៩ នៅតាមសាលារៀន មត្តេយ្យសិក្សាបឋមសិក្សា និងអនុវិទ្យាល័យថៃ ក្នុងខេត្តស្រះកែវ ជាយដែនជាមួយ ខេត្តបន្ទាយមានជ័យ មានសិស្សជនជាតិខ្មែរ ចូលទៅរៀននៅថៃ ជាង ១.០០០ នាក់។
ប៉ុន្តែនៅពេលបិទប្រទេស ក្នុងវិធានការកូវីដ១៩ រយ:ពេល ២ ឆ្នាំមកនេះ នៅសល់សិស្ស ជនជាតិខ្មែរតិចតួចប៉ុណ្ណោះ ដែលរៀននៅក្នុងសាលា នៅប្រទេសថៃ។ ពួកគេស្នាក់នៅ ជាមួយឪពុកម្តាយ ដែលជាប់គាំងឬធ្វើការ រកស៊ីនៅក្នុងប្រទេសថៃ៕ V / N