​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ការប្រកួត Uefa Europa League និង Uefa Conference League សរុប​ចំនួន ៣២ គូ ដែល​គូ​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​គឺ​ជំនួប​សងសឹក​រវាង Man U និង Sociedad ហើយ​ក្នុងករណី Man U សងសឹក​បានសម្រេច ពួកគេ​នឹង​ឡើងឈរ​លេខ​១​ក្នុង​ពូ​ល​។​

​ការព្យាករណ៍ ៖

– Real Sociedad vs Manchester Utd

* Manchester United មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​៨​លើក​ចុងក្រោយ​របស់​ពួកគេ​ក្នុង​ការប្រកួត​ទាំងអស់ ដោយ​ឈ្នះ​៦​ក្នុងចំណោម​នោះ​។​
* ទន្ទឹមនេះ Real Sociedad បាន​ចាញ់​ការប្រកួត​ទល់​នឹង​ក្រុម Real Valladolid និង Real Betis នៅ LaLiga​។​
* បិសាច​ក្រហម​បាន​ឈ្នះ ៥ ប្រកួត​ក្រៅ​ដី ៧ លើក​ចុងក្រោយ​របស់​ពួកគេ លើកលែង​តែ​ការ​ចាញ់​នៅ​ទឹកដី Manchester City និង​ស្មើ​នៅ​ទឹកដី Chelsea ។​

​អ្វីៗ​មើល​ទៅ​អាក្រក់​សម្រាប់​ក្រុម Manchester United នៅពេលដែល​ពួកគេ​ចាប់ផ្តើម​យុទ្ធនាការ Europa League របស់​ពួកគេ​ជាមួយ​នឹង​បរាជ័យ​ក្នុងផ្ទះ ១-០ ក្រោម​ស្នាដៃ​ក្រុម Real Sociedad ប៉ុន្តែ​ពួកគេ​ចូលមក​ក្នុង​ការប្រកួត​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ដឹងថា ការ​ឈ្នះ​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ចំណាត់​ថ្នាក់​កំពូល​នៅក្នុង​ពូ​ល E និង​អនុញ្ញាត​ឱ្យ​ពួកគេ​រំលង​ជុំ​ទី ៣២ នៅ​ឆ្នាំក្រោយ ប្រសិនបើ​ឈ្នះ ២ គ្រាប់​ឡើងទៅ​។ ក្រុម​របស់​លោក Erik Ten Hag បាន​ឆ្លងកាត់​ផ្លូវ​វែងឆ្ងាយ​រួចមក​ហើយ​ចាប់តាំងពី​ការ​ចាញ់​ក្នុង​ខែកញ្ញា ហើយ​ខណៈ​គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ​សឹងតែ​ប្រាកដ​១០០​ភាគរយ​ថា​នឹង​ជ្រើស​ក្រុម​ខ្លាំង​ដាក់​លេង ពួកគេ​ពិតជា​អាច​សងសឹក​បាន​នៅថ្ងៃនេះ​។​

United មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​៨​លើក​ចាប់​តាំងពី​ការប្រកួត​ចាញ់​ក្រុម Manchester City ៦-៣ ដោយ​ឈ្នះ​ការប្រកួត​ចំនួន​៦​ក្នុងចំណោម​នោះ​។ អ្វី​ដែល​សំខាន់​បំផុត​នៅមុន​ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺថា​បិសាច​ក្រហម​បាន​រក្សា Clean Sheet ចំនួន ៥ ដង​ក្នុង ៦ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ដោយ​របូត​តែ​១​គ្រាប់​ប៉ុណ្ណោះ​តាមរយៈ​បាល់​ប៉េណាល់​ទី​របស់ Jorginho ក្នុងអំឡុង​៦​ប្រកួត​នោះ ខណៈ​កំណត់ត្រា​ក្រៅ​ទឹកដី​របស់​ពួកគេ​ក៏​ល្អ​ផង​ដែរ​។ United បានឈ្នះ ៥ ដង​ក្នុង​ចំណោម ៧ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ​ក្រៅ​ទឹកដី លើកលែង​តែ​ការ​ចាញ់​នៅ Man City និង​ស្មើ​នៅ Chelsea ហើយ​លោក Ten Hag បាន​ជ្រើសរើស​ក្រុម​ខ្លាំង​នៅក្នុង​រាល់​ការប្រកួត​ក្នុង​ពូ​ល E រហូតមកទល់​ពេលនេះ​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម Real Sociedad បានឈ្នះ​ការប្រកួត​ក្នុង​ពូ​ល​ទាំង ៥ លើក​នៃ​ក្រប​ខណ្ឌ Europa League របស់​ពួកគេ ដោយ​របូត​ត្រឹម​១​គ្រាប់​ប៉ុណ្ណោះ ក្នុងពេល​ឈ្នះ ២-១ លើ​ក្រុម AC Omonia ។ កូនក្រុម​របស់លោក Imanol Alguacil ហាក់ជា​គូប្រជែង​កំពូល​តារាង​ទាំង​៤​នៅក្នុង LaLiga ប៉ុន្តែ​បាន​ភ្លាត់ស្នៀត​ពីរដង​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​រង​បរាជ័យ​ទល់​នឹង​ក្រុម Real Valladolid និង Real Betis ។ ទន្ទឹមនឹងនេះ​ដែរ Sociedad លេង​មិន​សូវ​ល្អ​ក្នុង​ទឹក​ដី​នោះ​ទេ ដោយ​ឈ្នះ​តែ​ពាក់កណ្តាល​នៃ​ការប្រកួត​លី​ក​ចំនួន ៦ លើ​ក​របស់​ពួកគេ​នៅ​កីឡដ្ឋាន Reale Arena ។​

​ទម្រង់​លេង​ដ៏​ល្អ​របស់ Man Utd ចាប់តាំងពី​បរាជ័យ​ក្នុង​ការប្រកួត Derby របស់​ពួកគេ​គួប​ផ្សំ​ជាមួយនឹង​កំណត់ត្រា​ការពារ​ដ៏​រឹងមាំ​របស់​ពួកគេ​និង​ចំណូលចិត្ត​លេង​ទប់​ហើយ​វាយបក​ដាច់​មាត់ គឺ​មានន័យថា ពួកគេ​អាច​នឹង​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​សំខាន់​នៅ​ទឹកដី​របស់ Sociedad​។​

​លទ្ធផល​ព្យាករណ៍ Man U ឈ្នះ ៣-១៕

Man U ត្រូវការ​សងសឹក Sociedad ដើម្បី​ឡើង​ឈរលើ​កំពូល​តារាង​ពូ​ល E