ដោយ: ពៅនិមល / ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងតាមរយៈ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) មានទឹកប្រាក់សរុប ចំនួនប្រមាណ ២៤.០៦៦ លានដុល្លារ កើនឡើង ១១ ភាគរយ បើធៀបនឹងរយៈដូចគ្នា ឆ្នាំ២០២១។

សូមបញ្ជាក់ថា អាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយ នៅក្នុងពិភពលោក ដោយមានប្រជាជន ប្រមាណ ២.២០០ លាននាក់ ឬ ៣០ ភាគរយ នៃប្រជាជន ពិភពលោក និងមានទំហំពាណិជ្ជកម្ម ២៨ ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

ពាក់ព័ន្ធកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃ ក្រសួងពាណិជ្ជកម្ម នៅក្រោយវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចព្រមព្រៀង អាសិប និងការប្រកាសជាផ្លូវការ នៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះ បានមានប្រសាសន៍ថាៈ បន្ទាប់ពីកម្ពុជា បានអនុវត្ដកិច្ចព្រមព្រៀង ខាងលើនេះ បានជិត ១ឆ្នាំ កន្លងមក ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់ អាសិប មានការកើនឡើង គួរឲ្យកត់សម្គាល់ ដោយសារកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលបាននាំចេញ សម្លៀកបំពាក់, ស្បែកជើង, គ្រឿងបន្លាស់/បង្គុំ, កាបូបធ្វើដំណើរ និងផលិតផលកសិកម្ម មួយចំនួន។

លោកបានបញ្ជាក់ថាៈ ទីផ្សារ អាសិប មានទីផ្សារសំខាន់ៗចំនួន៣ គឺ១.ទីផ្សារប្រទេសចិន ២.ទីផ្សារជប៉ុន និងកូរ៉េ និងទី៣.គឺ ទីផ្សារអូស្ត្រាលី និងញូវហ្សឺឡែន។ លោកបានឲ្យ ដឹងទៀតថាៈ ពីដំបូងឡើយ អាសិប ជាទម្រង់មួយនៃ ក្របខណ្ឌកិច្ចព្រមព្រៀង ដែលបង្ហាញនូវសមាហរណកម្ម រវាងអាស៊ានខ្លួនឯង ដើម្បីគាំទ្រនូវគោលគំនិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានការអនុវត្ដសេដ្ឋកិច្ចរួមគ្នា ការធ្វើវិនិយោគ, ការជួយគ្នាទៅវិញទៅមក ដើម្បីអនុវត្តបាននូវ ការរីកចម្រើនទាំងអស់គ្នា នៅក្នុងតំបន់ អាស៊ាន ក៏ដូចជា តំបន់អាស៊ីទាំងមូល។ ប៉ុន្តែដំណើរវែងឆ្ងាយនេះ បានបន្ថែមនូវ សមាជិកមួយចំនួនទៀត ដូចជាអាស៊ានបូក១, អាស៊ានបូក៣ រហូតដល់អាស៊ានបូក៥ ដែលជាដៃគូសេដ្ឋកិច្ច វាកាន់តែរីកចម្រើន រហូតដល់ពេលដែល អាសិប បានចូលជា ធរមាន ដែលមានប្រទេសអាស៊ាន ១០ និងប្រទេស ៥ ទៀត ធ្វើឲ្យទីផ្សារនេះ កាន់តែរីកចម្រើន។

សូមបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំ ជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែម លើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។ អាសិប មានការចូលរួមប្រទេស ចំនួន ១៥ រួមមាន ប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន ៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូង នៅឆ្នាំ២០១២ នៅភ្នំពេញ៕ V / N

រូបថត( វេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀង អាសិប រៀបចំឡើងនៅក្រុងភ្នំពេញ )
រូបភាព៖ ហ្វេសប៊ុក