ដោយៈ សុផានីតា / កោះកុង៖ អ្នកបច្ចេកទេស សហការជាមួយមន្រ្តីជំនាញ រួមគ្នា បង្ហាញលទ្ធផលសិក្សាថ្មី ដោយលើកឡើងថាៈ ធនធានជលផល តាមបណ្តោយឆ្នេរ សមុទ្រ នៅកម្ពុជា ងាយរងគ្រោះមហន្តរាយ ព្រោះតែការបម្រែបម្រួលអាកាសធាតុ ខណៈកំពុងប្រមូលព័ត៌មាន ដើម្បីដាក់ចេញយន្តការឆ្លើយតបទាន់ពេលវេលា។

លោក Steven Goldfinch មន្រ្តីជំនាញខាងបម្រែបម្រួលអាកាសធាតុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា នេះថាៈ ការបាត់បង់ និងរងរបួសអាយុជីវិតមនុស្ស សត្វ ព្រមទាំងខូចខាតសម្ភារៈ ទូក សំណង់ ផែ ស្តុកទុក ទិន្នផលសមុទ្រ ក៏ត្រូវបានបាក់បែកជួសជុលស្តារឡើងវិញ។

លោក Steven ក័បានពន្យល់ទៀតថាៈ បញ្ហាប្រឈមទាំងនេះហើយ ដែលលោក និងក្រុមមន្រ្តីជំនាញ ពាក់ព័ន្ធជុំវិញខេត្តកោះកុង នាំគ្នាពិនិត្យសិក្សា និងប្រមូលព័ត៌មាន ឱ្យបានកាន់តែច្រើន ដើម្បីរៀបចំជាយន្តការ សេចក្តីណែនាំ ពីហេដ្ឋារចនាសម្ព័ន្ធនេសាទ ធន់នឹងគ្រោះមហន្តរាយ ដោយវាអាចកើតមានគ្រប់ពេលវេលា។ នៅពេលយើងទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលា វាអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់បានច្រើន។

គួរកត់សម្គាល់ថា ពី១ឆ្នាំទៅ១ឆ្នាំ ការរស់នៅរបស់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់វិស័យជលផល រមែងជួបការគំរាមកំហែង ព្រោះតែកត្តាគ្រោះមហន្តរាយ ធម្មជាតិ បណ្តាមកពីអាកាសធាតុប្រែប្រួល ជាបន្តបន្ទាប់។ នេះបើតាមការសិក្សា ស្រាវជ្រាវ របស់ក្រុមអ្នកបច្ចេកទេស ខាងផ្នែកបម្រែបម្រួលអាកាសធាតុ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានលើកឡើងថាៈ ធនធានជលផល សមុទ្រលើពិភពលោក និងនៅកម្ពុជា ប្រឈមនឹងការគំរាមកំហែង ផ្នែកប្រព័ន្ធអេកូឡូស៊ី ដោយសារតែការប្រែប្រួលអាកាសធាតុ រួមមាន ការកើនឡើងកម្ពស់ទឹកសមុទ្រ ខ្យល់ព្យុះកំបុតត្បូង និងព្រឹត្តការណ៍គ្រោះមហន្តរាយនានា។

លោកស្រី អភិបាលរងខេត្ត ជឿជាក់ថាៈ រាល់ការពិគ្រោះយោបល់ អំពីហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងជលផល រវាងគ្នានិងគ្នា ក្រោមវិជ្ជាមាននេះ នឹងក្្លាយធាតុចូលដ៏សំខាន់ បម្រើដល់ការចូលរួមចំណែក ធានាបាននូវសន្តិសុខស្បៀងអាហារ ព្រមទាំងអាហារូបត្ថម្ភ ដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។

រីឯលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានលើកឡើង ក្នុងសិក្ខាសាលាណែនាំ ស្តីពីហេដ្ឋារចនាសម្ព័ន្ធនេសាទ ដែលធន់នឹងគ្រោះមហន្តរាយថាៈ សកម្មភាពដែលគ្រប់ គ្នា កំពុងគិតគូរយកចិត្តទុកដាក់ នៅពេលនេះ សបញ្ជាក់ពីការព្រួយបារម្ភ និងពង្រឹង ចំណេះដឹងបច្ចេកទេស លើវិស័យជលផល ដើម្បីឆ្លើយតបដោះស្រាយមកវិញ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោក ខូវ គួង បានបន្តថាៈ នៅពេលមានសេេចក្តីណែនាំស្តីពីហេដ្ឋារចនាសម្ព័ន្ធ ធន់នឹងគ្រោះមហន្តរាយ នៅកម្ពុជា វាជាពុទ្ធិមួយជួយដល់សារត្មី ដល់អ្នកពាក់ព័ន្ធ លើការកំណត់វិនិយោគ កែលម្អ អភិវឌ្ឍន៍ធនធានជលផល តាមតំបន់ឆ្នេរសមុទ្រ និងសកម្មភាពប្រតិបត្តិការ ចំគោលដៅយូរអង្វែង។

ក្រោយប្រមូលបានព័ត៌មានលម្អិតហើយនោះ គឺ ADB និងគាំទ្របន្តជាមួយរដ្ឋបាល ជលផល កាន់តែជិតស្និទ្ធបន្ថែម ក្នុងន័យអភិរក្ស និងកសាងកំពង់ផែ រក្សាបានកន្លែង ស្តុកទុក នូវទិន្នផលជលផល ប្រកបដោយនិរន្តរភាព ទៅអនាគត។

យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកជំនាញ ផ្នែកជលផលអន្តរជាតិ បង្ហាញថាៈ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៅតាមបណ្តោយឆ្នេរ រួមមាន ខេត្តកោះកុង ដែលជាខេត្ត នៅតាមបណ្តោយឆ្នេរសមុទ្រមួយ កំពុងប្រឈមនឹងការកើនឡើង នៃកម្ពស់ទឹកសមុទ្រ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យតំបន់មួយនេះ ក្លាយជាតំបន់ងាយរងផលប៉ះពាល់ខ្លាំង។

រីឯតំបន់ឆ្នេរខេត្តព្រះសីហនុ កំពុងប្រឈមមុខខ្ពស់ ទៅនឹងការបាក់ដី ហើយគេរំពឹងថា ខេត្តនេះ រឹតតែប្រឈមនឹងហានិភ័យខ្ពស់ទៅទៀត ចាប់ពីឆ្នាំ២០២៥ តទៅ។ ក្រៅពីនេះ ខ្យល់ដែលមានល្បឿនលឿន ធ្វើឱ្យមានរលកបោកបក់ មកលើហេដ្ឋារចនាសម្ព័ន្ធនេសាទ តាមតំបន់ឆ្នេរ កាន់តែខ្លាំង ហើយធ្វើឱ្យសំណង់ទាំងអស់នោះ កាន់តែទ្រុឌទ្រោម៕ V / N