​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​២​វិច្ឆិកា រដ្ឋាភិបាល​ប៉ូឡូញ​បាន​ប្រកាស​ពី​ការសាងសង់​របងលួស​បន្លា​ប្រវែង ២១០ គីឡូម៉ែត្រ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ដែនដី​កាលី​នី​ន​ហ្គ្រា​ដ (Kaliningrad) របស់​រុស្ស៊ី​ដើម្បី​ទប់ស្កាត់​ការឆ្លង​ចូល​ខុសច្បាប់​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ម៉ា​រៀស ប្លាស​ហ្សាក់ (Mariusz Blaszczak) បានប្រកាស​ការសម្រេច​ចិត្ត​នេះ​ចំពេល​មាន​ការព្រួយបារម្ភ​នៅក្នុង​ទីក្រុង​វ៉ា​សូវី​ថា​រុស្ស៊ី​មាន​ផែនការ​រៀបចំ​​បង្ហូរ​ជន​ចំណាកស្រុក​។​

​លោក​ប្លាស​ហ្សាក់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា “​អាកាសយានដ្ឋាន​នៅ​ដែនដី​កាលី​នី​ន​ហ្គ្រា​ន​ឥឡូវនេះ​កំពុង​ទទួលយក​ជើងហោះហើ​រ​ពី​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង​។​ខ្ញុំ​បាន​សម្រេចចិត្ត​ចាត់​វិធាន​​ការ​ដើម្បី​បង្កើន​សន្តិសុខ​ព្រំដែន​ប៉ូឡូញ​”​។​

​លោក​បាន​បន្ថែមថា “​ថ្ងៃនេះ​ការងារ​នឹង​ចាប់ផ្តើម​…​នៅលើរ​បាំង​បណ្តោះអាសន្ន​” នៅតាម​បណ្តោយ​ព្រំដែន ២១០ គីឡូម៉ែត្រ​។​

​លោក​បន្តថា របងលួស​បន្លា​នឹង​មាន​កម្ពស់ ២,៥ ម៉ែត្រ និង ទទឹង ៣ ម៉ែត្រ ហើយ​ក៏​នឹង​មាន​បំពាក់​ប្រព័ន្ធ​ត្រួតពិនិត្យ​អេឡិចត្រូនិក​និង​កាមេរ៉ា​ផងដែរ​។​

​ប៉ូឡូញ​បាន​សាងសង់​ជញ្ជាំង​ដែក​រួច​ហើយ​កាលពី​ឆ្នាំ​មុន​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​សម្ពន្ធមិត្ត​រុស្ស៊ី គឺ បេឡា​រុស បន្ទាប់​ពី​លំហូរ​ចូល​ជន​ចំណាកស្រុក​នៅ​ទីនោះ​។​

​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់ ដែល​ភាគច្រើន​មក​ពី​មជ្ឈិមបូព៌ា បាន​ឆ្លងកាត់​ឬ​ព្យាយាម​ឆ្លង​ចូល​ទៅក្នុង​ប្រទេស​ប៉ូឡូញ​ពី​បេឡា​រូស ចាប់តាំងពី​ឆ្នាំ ២០២១៕

​ទាហាន​ប៉ូឡូញ​កំពុង​ស្រាស់​របងលួស​តាម​ព្រំដែន​ជាមួយ​ដែនដី​កាលី​នី​ន​ហ្គ្រា​ដ​របស់​រុស្ស៊ី