​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកជំនាញ​បាន​ព្រមាន​ថា​មនុស្ស​វ័យក្មេង​ដែល​ផឹកស្រា​បៀរ​តែ​មួយ​កំប៉ុង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រហូតដល់​​ទៅ​មួយ​ភាគ​ប្រាំ​។​

​យោង​តាម​ការស្រាវជ្រាវ​ថ្មី មនុស្ស​អាយុ​ខ្ទង់ ២០ និង ៣០ ឆ្នាំ ដែល​ផឹក​ស្រា​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​អាច​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់ជាង​អ្នក​ដែល​ផឹក​ក្នុង​បរិមាណ​តិច​ឬ​មិន​ផឹក​សោះ​។​

​ក្រុម​ស្រាវជ្រាវ​មួយ​មក​ពី​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល​បាន​វិភាគ​កំណត់ត្រា​ពី​មូលដ្ឋាន​ទិន្នន័យ​ជាតិ​កូរ៉េ​សម្រាប់​មនុស្ស​វ័យ​ជំទង់​ដែល​មាន​ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ចំនួន​បួន​ហើយ​ត្រូវបាន​សួរ​អំពី​​ការសេព​គ្រឿង​ស្រវឹង​របស់​ពួកគេ​។​

​អ្នក ដែល​ផឹក​ស្រា ១០៥​ក្រាម ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍​ត្រូវបាន​ចាត់ទុក​ថា​ជា​អ្នក​ផឹក​កម្រិត​មធ្យម​ឬ​ផឹក​កម្រិតធ្ងន់​។​

​បរិមាណ​នេះ​គឺ​ស្មើ​ជិត​ប្រាំមួយ​កំប៉ុង​នៃ​ស្រា​បៀរ​កម្លាំង​មធ្យម ស្រាក្រហម​ប្រាំបី​កែវ​តូច ឬ ស្រា​គោ​ញាក់​ប្រាំបួន​ពែង​ធំ ក្នុង​មួយថ្ងៃ​។​

​ក្នុងចំណោម​អ្នកចូលរួម ១,៥ លាន​នាក់ មាន​មនុស្ស​សរុប ៣.១៥៣ នាក់​បាន​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ក្នុងអំឡុងពេល​ការ​សិក្សា​រយៈពេល​ប្រាំ​មួយឆ្នាំ​។​

​ការវិភាគ​បានបង្ហាញ​ថា អ្នក​ដែល​ផឹកស្រា​កម្រិត​មធ្យម​ដល់​កម្រិត​ធ្ងន់​រយៈពេល​ពីរ​ឆ្នាំ​ឬ​ច្រើន​ជាង​នេះ គឺ​ទំនងជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រហែល ២០ ភាគរយ​ខ្ពស់ជាង​អ្នក​ដែល​ផឹក​តិច​ឬ​មិន​ផឹក​សោះ​។​

​ខណៈ​ចំនួន​ឆ្នាំ​នៃ​ការ​ផឹកស្រា​កម្រិត​មធ្យម​ទៅ​ច្រើន​កើនឡើង ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​កើន​ឡើង​តាម​នោះដែរ​៕

ការសិក្សាពីមុនៗថាផឹកស្រាក្នុងកំរិតល្មមរៀងរាល់ថ្ងៃល្អសំរាប់សុខភាពបេះដូង តែឡូវចេញលទ្ធផលផ្សេងគឺថា​ផឹក​ស្រា​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​អាច​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់ជាង​អ្នក​ដែល​ផឹក​ក្នុង​បរិមាណ​តិច​ឬ​មិន​ផឹក​សោះ​