ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: លោក មុត ភន អភិបាលស្រុកសំរោងទង បានមាន ប្រសាសន៍ថាៈ ការងារបរិស្ថាន គឺជាការងារដ៏សំខាន់មួយ ក្នុងការសម្អាតបរិស្ថាន សម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមសម្អាតអនាម័យ ជុំវិញខ្លួនរបស់យើង និងតាមទីសាធារណៈ។ បរិស្ថានស្អាត កើតចេញពីយើងគ្រប់ៗគ្នា បរិស្ថានស្អាត បរិយាកាសល្អ សុខភាពសាធារណៈល្អ គ្រួសារមានសុភមង្គល និងមានឱកាសជួយ អភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែសំបូររុងរឿងបន្ថែមទៀត។

លោកអភិបាលស្រុកសំរោងទង បានមានប្រសាសន៍បែបនេះ  ក្នុងពិធីបរិស្ថានស្អាត រៀបចំឡើងដោយ រដ្ឋបាលស្រុក នៅបរិវេណខាងមុខសាលាស្រុក កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការតាមបណ្តាការិយាល័យ ជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជន កម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សិស្សានុសិស្ស អាជីវករ កម្មករ និយោជិត ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងស្រុកសំរោងទង យ៉ាងច្រើនកុះករ។

លោក អភិបាលស្រុកសំរោងទង ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ តាមការិយា ល័យជុំវិញស្រុក មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សទាំងអស់ ដែលចំណាយពេលវេលា ក្នុងការជួយសម្អាតបរិស្ថាន ហើយអំពាវនាវសូមឱ្យបណ្ដុះ គំនិតស្រឡាញ់បរិស្ថាន សម្អាតបរិស្ថាន និងទុកដាក់សម្រាម ឱ្យបានត្រឹមត្រូវ តាមប្រភេទសំរាម ហើយបន្តកើតមានដល់មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស អាជីវករទាំងអស់ នៅក្នុងស្រុកសំរោងទង សូមកុំបោះសំរាមចោល ពាសវាលពាសកាល ដែលជាហេតុបណ្ដាលឲ្យខូចបរិស្ថាន ខូចសុខភាពមនុស្ស សត្វ  រុក្ខជាតិ បាត់បង់សោភ័ណភាព ព្រមទាំងប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ផងដែរ៕/V-PC