ដោយ៖ ដេប៉ូ / សៀមរាប៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបើសិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។

ពិធីនេះ គេសង្កេតឃើញមានការចូលរួមពី តំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន និងតំណាងវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ឱកាស ឱ្យមានការចែករំលែកបទពិសោធន៍ រវាងបណ្តារដ្ឋ សមាជិកអាស៊ាន ដែលអាចរៀនសូត្របាន ពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គម រៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារៈសំខាន់ បំផុត សម្រាប់ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថា ពលរដ្ឋទាំងនោះ ទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលកំណត់ថា នឹងមិនទុកនរណាម្នាក់ ឱ្យនៅក្រៅសំណាញ់ នៃប្រព័ន្ធសន្តិសុខ សង្គមឡើយ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថាៈ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សុទ្ធតែបានរួមចំណែក យ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសនីមួយៗ។

យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលភាគច្រើន ជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្រាភាគរយច្រើន បំផុត នៅក្នុងបណ្តាប្រទេសទូទាំងពិភពលោក។ ជាក់ស្តែង នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧ ភាគរយ នៃសហគ្រាសសរុប ក្នុងតំបន់ និងបានប្រើប្រាស់ ប្រមាណ ៦០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះ បញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារ ដល់កម្លាំងពលកម្ម នៃបណ្តារដ្ឋ ជាសមាជិកអាស៊ាន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់ ដល់ការធានានូវសុខុមាលភាព និងការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គល ទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដើម្បីផ្តល់ការគាំពារ ផ្នែកហិរញ្ញវត្ថុ នៅពេលចាស់ជរា ជូនពលរដ្ឋ ដែលធ្វើការក្នុងវិស័យឯកជន ក៏ដូចជា មន្រ្តីសាធារណៈ, ការបន្តអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ, ការពិនិត្យលទ្ធភាពពង្រីកវិសាលភាព ជាជំហានៗ នូវមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារទៅដល់ពលរដ្ឋ រស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការរៀបចំ និងដាក់ឱ្យអនុវត្តនូវ កម្មវិធីលើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបុគ្គលិកទាំងអស់ នៅក្នុងប្រព័ន្ធ បេឡាជាតិសន្តិសុខសង្គម ត្រូវបានដាក់បញ្ចូល ទៅក្នុងសសរស្តម្ភទី៣ នៃក្របខណ្ឌ​យុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣ ដោយឈរលើសសរ ស្តម្ភ ចំនួន ៣ រួមមាន៖ ១.ការស្តារឡើងវិញ ២.ការកែទម្រង់ និង៣.ការកសាង ភាពធន់។

រដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងនូវការអបអរសាទរ និងជម្រាបជូនអង្គពិធីថាៈ “សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករ ទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើម របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជា ជាប្រធានអាស៊ាន ២០២២ ទើបតែទទួល បានការឯកភាព ដោយកិច្ចប្រជុំក្រុមប្រឹក្សាសង្គម -វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយត្រូវបានដាក់ជូន កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាស នៅក្នុងខែវិច្ឆិការ ខាងមុខនេះ។

នេះជាសមិទ្ធិផល ដ៏សំខាន់មួយទៀត របស់អាស៊ាន និងជាការបោះជំហ៊ានដ៏ធំ ឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍ របបសន្តិសុខសង្គម សម្រាប់ពលករ ទេសន្តរប្រវេសន៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍៕/V-PC