ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក វ៉ង់ វុទ្ធា អគ្គលេខាធិការសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថាៈ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់សន្ទស្សន៍ មេដាយមាស ចំនួន ៣ គ្រឿង សម្រាប់ស៊ីហ្គេម នៅកម្ពុជា។

ទោះជាយ៉ាងនេះក៏ដោយ ក៏សហព័ន្ធ មិនចង់បានត្រឹមចំនួននេះទេ ដោយមើលឃើញពី ការប្រឹងប្រែងរបស់ កីឡាករ កីឡាការិនី គឺយ៉ាងហោចណាស់ យកឲ្យបានមេដាយមាស លើសពី ៣ គ្រឿង។ វិញ្ញាសាដែលសហព័ន្ធ កំណត់ជាគោលដៅ មេដាយមាស គឺវិញ្ញាសាបុរសជាក្រុម, វាយគូបុរស និងវាយគូបុរស- នារី ។

ពេលនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានត្រៀមកីឡាករ កីឡាការិនីចំនួន២៤រូប និងគ្រូបង្វឹក៥រូបសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងចំណោមកីឡាករ កីឡាការិនី ទាំង ២៤ រូប សហព័ន្ធ បានកំណត់ថា នឹងដាក់វិញ្ញាសា សម្រាប់ចូលរួមប្រកួតចំនួន ៧ វិញ្ញាសា។

អត្តពលិកសូហ្វតិន្នីសជម្រើសជាតិកម្ពុជា សព្វថ្ងៃ កំពុងប្រមូលផ្ដុំ នៅពហុកីឡដ្ឋានជាតិ ដោយហ្វឹកហាត់ ជារៀងរាល់ថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ សហព័ន្ធ ក៏ជឿជាក់លើ គោលដៅ ដែលបានកំណត់ខាងលើ នឹងសម្រេចបាន ទៅតាមការគ្រោងទុក។

កាលស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គេពុំមានដាក់កីឡាសូហ្វតិន្នីសទេ ប៉ុន្តែកាលស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មានកីឡា សូហ្វតិន្និស ពេលនោះ កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ២ គ្រឿង គឺវិញ្ញាសាឯកត្តជន នារី ១គ្រឿង និងវិញ្ញាសាក្រុមបុរស ១គ្រឿង។

កាលពីឆ្នាំ២០១៩ ក្រុមកីឡាសូហ្វតិន្និសកម្ពុជា បានឈ្នះមេដាយមាសពិភពលោក ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីធ្វើបានល្អ ក្នុងការចូលរួមប្រកួតកីឡា សូហ្វតិន្និសជើងឯកពិភពលោក នៅប្រទេសចិន ដែលមានប្រទេសចូលរួមចំនួន ៣២ ៕ V / N