ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅអតីតរោងចក្រស្ព័រវេ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរជួយស្ថាបនាផ្លូវ លូ សុំបើកផ្លូវ បញ្ហាសណ្តាប់ធ្នាប់ ចរាចរណ៍ បញ្ហាចោរលួចគាស់ផ្ទះ បញ្ហាគ្រឿងញៀន សុំសាងសង់សាលារៀននិងរថយន្តដឹកទំនិញធ្វើអោយខូចផ្លូវ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកនួន ផារ័ត្ន អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍លើកឡើងថា៖ ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីបញ្ហាសំរាមនិងអគ្គិសនីទេ នោះមានន័យថា សេវាទាំង២នេះនៅក្នុងខណ្ឌមានន័យឃើញថា មានលក្ខណៈល្អប្រសើរហើយ។ចំពោះការលើកឡើងជាសំណួរ សំណូមពរ របស់ប្រជាពលរដ្ឋអោយស្ថាបនាផ្លូវ លូនេះ មានប្រជាពលរដ្ឋចំនួន១១នាក់បានលើកឡើងដោយផ្ទាល់ ។ ចំពោះបញ្ហានេះ ក្នុងនាមអាជ្ញាធរខណ្ឌនឹងដោះស្រាយជូនប្រជាពលរដ្ឋទៅតាមការស្នើសុំ គ្រាន់តែផ្លូវខ្លះត្រូវស្ថាបនាមុននិងក្រោយអាស្រ័យលើថវិការយើងមាន។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌមានជ័យនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើរ សំណូមពរ ដោយផ្ទាល់មាត់ចំនួន១៤នាក់ ក្នុងចំនួននេះ ការស្មើសុំស្ថាបនាផ្លូវ លូនិងស្តារលូ មានចំនួន១១នាក់ទៅហើយ ចំណែកសំណួរ សំណើរ សំណូមពរ ជាលាយលក្ខណ៍អក្សមានចំនួន៧៥។ ចំពោះសំណួរ សំណើរ សំណូមពរទាំងអស់នេះអាជ្ញាធរនឹងដោះស្រាយជូនទៅតាមស្ថានភាពជាក់ស្តែង ដោយការ សុំកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលូនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងដាក់មន្ត្រីជំនាញអោយចុះពិនិត្យនិងសិក្សា ក្រោយពិនិត្យនិងសិក្សាហើយនឹងធ្វើរបាយការណ៍ទៅអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាពក្នុងស្ថាបនានិងជួសជុល។

លោកបន្តថា នៅភ្នំពេញយើងមានផ្លូវប្រវែងជាង ៣.៥០០គីឡូម៉ែត្រ តែយើងមិនបានជាប់បំណុលគេនោះទេយើងមានលុយយើងធ្វើ ប៉ុន្តែនៅពេលអនាគត យើងនឹងអាចខ្ចីថវិកាគេ សម្រាប់គម្រោងធំៗ។
ចំពោះការស្នើសុំសាងសង់សាលារៀន លោកនួន ផារ័ត្ន បញ្ជាក់ថា យើងនឹងបន្តស្នើទៅក្រសួងអប់រំដើម្បីពិនិត្យលទ្ធភាពក្នុងការស្ថាបនា ។ ចំពោះបញ្ហាសណ្តាប់ធ្នាប់ ចោរលួចគាស់ផ្ទះ ជនអាណាថាសេពគ្រឿងញៀននិងជួញដូរគ្រឿងលោកស្នើអោយគណៈបញ្ជាការឯកភភាពរដ្ឋបាលខណ្ឌស្ទឹងមានជ័យចាត់វិធានការ សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕/PC