ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថា ក្រុមសិល្បៈការនីកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់កម្មវិធីមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព។

ពាក់ព័ន្ធនឹងកិច្ចការនេះ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនាយកដ្ឋានសិល្ប:ទស្សនីយភាព បានរៀបចំពិធីសំពះគ្រូល្ខោន ដើម្បីសុំសេចក្តីសុខចម្រើនក្នុងការហាត់សមទស្សនីយភាពល្ខោនចម្រុះរឿង “មហាភារត” សម្រាប់សម្ដែងក្នុងកម្មវិធីមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival) នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្នុងឱកាសនេះផងដែរក៏មានវត្តមានចូលរួមរបស់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការទស្សនីយភាពមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ ថ្នាក់ដឹកនាំនាយកដ្ឋាន លោកព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព ព្រមទាំងតន្ត្រីករមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាច្រើនរូបផងដែរ។

លោកស្រីរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនីទាំងអស់ដែលមានស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការហាត់សមល្ខោនចម្រុះនេះដើម្បីសម្តែងជូនទស្សនិកជនក្នុងគោលបំណងផ្សព្វផ្សាយនូវទម្រង់វប្បធម៌ដ៏ល្អផូរផង់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅសាលសន្និសីទចតុម្មុខ នាពេលឆាប់ៗខាងមុខនេះ៕/PC