​ដោយៈ​សុផល​/ភ្នំពេញ​៖អង្គការ​ឆាល​ហ្វា​ន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣​ ខែវិច្ឆិកា បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​ពី​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​សម្រាប់​ឆ្នាំ ២០២២-២០២៥​និង​ដាក់ឱ្យ​ដំណើរការ​គម្រោង​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ការពារ​កុមារ​ពី​ការរំលោភបំពាន​ផ្សេងៗ នៅក្នុង​យុគសម័យ​ដែល​អ៊ី​ន​ធើ​ណេ​ត​មានកា​រវិ​ឌ្ឍ​ន៍​យ៉ាងខ្លាំង​។​

​សម្រាប់​ផែនការ​៤​ឆ្នាំ​ទៅមុខទៀត អង្គការ​ឆាល​ហ្វា​ន ដែលជា​អង្គការ​បរទេស និង​ធ្វើការ​ផ្តោតលើ​កុមារ នឹង​បន្ត​អាទិភាព​របស់ខ្លួន​លើ​វិស័យ​អប់រំ កិច្ច​គាំពារ​កុមារ ការសិក្សា​សង្គម និង​ផ្លូវចិត្ត ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ រួមទាំង​ការ​ស្តារឡើងវិញ​បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​។ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន អង្គការ​ឆាល​ហ្វា​ន​នឹង​រំលេច​ការវិនិយោគ​លើ​គម្រោង​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​គម្រោង​កីឡា​ដើម្បី​ការអភិវឌ្ឍ​។​

​គម្រោង​មាន​ឈ្មោះថា “swipe safe” ដែល​ផ្ដួចផ្ដើម​ដោយ​អង្គការ​ឆាល​ហ្វា​ន និង​ដែលមាន​គោលបំណង​ការពារ​កុមារ​តាម ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​៣​វិច្ឆិកា​នេះ​តទៅ ដោយ​វិនិយោគ​ច្រើន​លើ​ការរៀបចំ​មេរៀន​បណ្ដុះបណ្ដាល ការបង្កើត​អេប​សម្រាប់​ទូរស័ព្ទ និង​ការប្រគល់​ឧបករណ៍​ឌីជីថល ដើម្បី​បណ្តុះបណ្តាល​ក្រុម​កុមារ និង​យុ​ជន ក្រុម​ឪពុកម្ដាយ អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានាថា​កុមារ​មាន​សុវត្ថិភាព​នៅពេល​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត រៀន​តាម​អន​ឡាញ ឬ​ប្រើប្រាស់​សម្រាប់​សកម្មភាព​កំសាន្ត​នានា ហើយ​ពួកគេ​អាច​ស្វែងរក​ជំនួយ​បាន នៅពេល​មានការ​រំលោភបំពាន​តា​ម​អន​ឡាញ​កើតឡើង​។​

​លោក ប្រា​ស្សាន វើ​ម៉ា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​នកម្ពុជា បាន​មានប្រសាសន៍ថា​៖“​ពិធី​នៅថ្ងៃនេះ​បាន​កត់​សំ​គាត់​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់ ​អង្គការ​ឆាល​ហ្វា​ន ដែល​កុមារ​ច្រើនជាង ១​លាន​នាក់​បាន​ចូលរួម​ដោយ​ប្រយោល និង ប្រហែល ២២​ម៉ឺន​នាក់​បាន​ចូលរួម​ដោយផ្ទាល់​ជាមួយ​គម្រោង​អភិវឌ្ឍន​នានា​របស់​ឆាល​ហ្វា​ន​កន្លងមក ជាពិសេស​នៅក្នុង​វិស័យ​អប់រំ និង​កិច្ច​គាំពារ​កុមារ​។ សមិទ្ធិផល​នេះ​បាន​ពង្រឹង​ប្រតិបត្តិការ​របស់​អង្គការ​ឆាល​ហ្វា​ន នៅ​កម្ពុជា និង​ជា​កត្តា​លី​ករ​ជួយ​ជំរុញ ការព្យាយាម​របស់​ឆាល​ហ្វា​ន​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​រស់នៅ​របស់​កុមារ​ជាពិសេស​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​។

​លោកនាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា​បាន​បន្ថែមថា​៖​ជាមួយ​ដំណើរ​ឆ្ពោះទៅមុខ​របស់ខ្លួន​អង្គការ​ឆាល​ហ្វា​ន​នឹង​វិនិយោគ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​នានា​ឱ្យអស់​លទ្ធភាព ដើម្បី​កែទម្រង់​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​របស់ខ្លួន ឱ្យបាន​ផល​កាន់តែច្រើន​ដល់​កុមារ​ដែល​នៅ​ដាច់ស្រយាល​បំផុត​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​ការផ្សព្វផ្សាយ​ពី​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​សម្រាប់​ឆ្នាំ ២០២២-២០២៥​និង​ដាក់ឱ្យ​ដំណើរការ​គម្រោង​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត លោក ចុង ផែត អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ជនបទ បាន​ថ្លែង​ចូលរួម​អបអរសាទរ​ចំពោះ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​បួន​ឆ្នាំ ២០២២-២០២៥​ព្រម​គ្នា​ជាមួយ​ការដាក់ឱ្យ​ដំណើរ​អនុវត្ត​គម្រោងការ​សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​។​

​លោក​បាន​លើកឡើងថា​៖​កិច្ចការពារ​កុមារ​គឺជា​កាតព្វកិច្ច​ស្នូល​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ តាម​វិស័យ​ពាក់ព័ន្ធ​សំខាន់ៗ​ដើម្បី​ការពារ ពង្រឹង​និង​លើ​កម្ពស់​សិទ្ធិ កុមារ​។ ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ហត្ថលេខី​មួយ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​នៅ​ឆ្នាំ ១៩៩២ និង​អនុវត្ត​នូវ​អនុសញ្ញា​នេះ​បាន​រីកចម្រើន​ជាប្រចាំ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​កុមារ​ជាពិសេស​សិទ្ធិ​រស់រានមានជីវិត​រស់នៅ សិទ្ធិ​ទទួលបាន​ការអប់រំ​រៀនសូត្រ សិទ្ធិ​ត្រូវ​បានទទួល​ការ​គាំពារ​នៅក្នុង​ស្ថានភាព​មាន​សង្គ្រាម​និង​ការពារ​ប្រឆាំងនឹង​អាជីវកម្ម សេដ្ឋកិច្ច​ឬ​កាមគុណ​លើ​កុមារ​។​

​លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្តេជ្ញាចិត្ត​របស់​អង្គការ​ឆាល​ហ្វា​ន កម្ពុជា ក្នុង​បន្ត​ជំរុញ​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ដើម្បី​ជួយ​កុមារ​កម្ពុជា​ឱ្យក្លាយ​ជាសរ​សរ​ទ្រូង​ដ៏​រឹងមាំ​ក្នុងការ​ទ្រទ្រង់​កំណើន​ធនធានមនុស្ស និង​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ជាការ​ពិត ក្នុង​បរិបទ​នៃ​យុគសម័យ​នៃ​ការរីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​, ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ កំពុង​រីក​រាលដាល និង​ក្លាយជា​ក្តីបារម្ភ​មួយ​សម្រាប់​ពិភពលោក​ទាំងមូល​។ ក្នុងកំឡុងពេល​កូ​វិត និង​បន្ត​រហូត​មកទល់ពេលនេះ​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ក្នុងចំណោម​សិស្សានុសិស្ស​មា​ន​ការកើនឡើង យ៉ាងគំហុក​ទាំង​នៅ​ទីក្រុង​ក៏ដូចជា​តាម​ជនបទ​ផងដែរ​ដែល​បង្កឱ្យមាន​ផល​បះ​ពាល់​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​។​ស្ថាន​ការណ៍​​នេះ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ និង​កិច្ចសហប្រតិបត្តិការ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​លើ​ការលើកកម្ពស់​ការអប់រំ​និង​ផ្សព្វផ្សាយ​ដើម្បី​បង្កើន​ការយល់ដឹង​ដ៏​ត្រឹមត្រូវ​អំពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញព្រមទាំង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធាន​ការពារ​ផងដែរ​៕Ph​


​ ​