ដោយៈ ប.ខុន / ភ្នំពេញៈ ច្រាំងទន្លេមេគង្គ ប្រវែង ៦០ ម៉ែត្រ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានបាក់ស្រុត កាលពីចុងខែតុលា មកដល់ថ្ងៃទី៣ ខែវិច្ឆិកា ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការទប់ស្កាត់ ដោយប្រើបាវខ្សាច់ Geotextile Bags ទប់ច្រាំងទន្លេ នៅផ្នែកខាងក្រោម បានរួចរាល់ ជាបណ្តោះអាសន្នហើយ និង បន្ទាប់នេះ ក្រុមការងារ នឹងបន្តទៅធ្វើការ ទប់ស្កាត់ ការបាក់ច្រាំងទន្លេ នៅឃ្មុំរការខ្នុរ ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ  ខ្ពបអាទាវ និងនៅកោះខែល បន្តទៀត។

លោក ម៉ៅ ហាក់ ដែលជាអ្នកដឹកនាំក្រុមការងារ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់ តាមបញ្ជារបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ដើម្បីការទប់ស្កាត់ ការបាក់ ច្រាំងទន្លេមេគង្គ ប្រវែង ៦០ ម៉ែត្រ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែវិចិ្ឆកាថាៈ មកដល់ព្រឹកថ្ងៃនេះ ( ៣ វិច្ឆិកា) បានរួចរាល់ជាបណ្តោះអាសន្នហើយ ដោយប្រើរយៈពេល ៩ ថ្ងៃ ។

មន្ត្រីខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កិច្ចអន្តរាគមន៍បន្ទាន់នេះ គឺបានរៀបបាវខ្សាច់ Geotextile Bags ទប់ច្រាំងទន្លេ នៅផ្នែកខាងក្រោម និងផ្នែកខាងលើ ដើម្បីការពារ កុំឲ្យបាក់បន្ត។ នៅពេលខាងមុខ ពេលទឹកស្រក (រដូវប្រាំង) ក្រុមការងារ នឹងរៀបចំបាវខ្សាច់ នៅគន្លាក់ខាងក្រោមច្រាំងទន្លេ បន្ថែមទៀត ដើម្បីពង្រឹងច្រាំងឲ្យកាន់ តែរឹងមាំ ។

លោក ម៉ៅ ហាក់ បាននិយាយឱ្យដឹង កាលពីថ្ងៃទី១ ខែវិច្ឆិកាថាៈ បន្ទាប់ពីបញ្ចប់ការងារ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ក្រុមការងាររបស់លោក នឹងបន្តទៅធ្វើការទប់ស្កាត់ការបាក់ច្រាំងនៅឃ្មុំរការខ្នុរ ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ  ខ្ពបអាទាវ និងនៅកោះខែល បន្តទៀត។ ការងារ ដែលនឹងត្រូវធ្វើនៅឃុំរការខ្នុរ ឃ្មុំក្រូចឆ្មា នៅខ្ពបអាទាវ និងនៅកោះខែល ជាការងារ ចាស់ ត្រូវធ្វើបន្តពីឆ្នាំមុន មិនមែនជាទីតាំងច្រាំងបាក់ថ្មីនោះទេ។ កន្លែងច្រាំងទន្លេ ដែលបានធ្វើការទប់ស្កាត់ការបាក់រួច កាលពីឆ្នាំមុនៗ មិនឃើញមានការស្រុត ជាថ្មីនោះទេ៕ V / N