​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​ដ៏​ខ្លាំង​មួយ​ដែល​បង្ក​ទឹកជំនន់​និង​ការបា​ក់ដី​នៅ​ទូទាំង​ហ្វីលីពីន​បាន​ឡើងដល់​១៥០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ភ្លៀង​ត្រូវ​បាន​ព្យាករណ៍​ថា​​នឹង​ធ្លាក់​បន្ថែម​នៅ​តំបន់​ខ្លះ​ដែល​រង​ការ​ជន់​លិច​ខ្លាំង​កន្លងមក​។​

​មនុស្ស​ជាង​៣៥៥.៤០០​នាក់​បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​គេ​នៅ​ពេល​ព្យុះ​ណាល់​ហ្គេ​( Nalgae)​វាយប្រហារ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​កម្រង​កោះ​មួយ​នេះ​កាលពី​ចុង​សប្តាហ៍​មុន​។​ក្នុងចំណោម​អ្នកស្លាប់​១៥០​នាក់ ៦៣​នាក់​ស្ថិតនៅ​តំបន់​បាង​សា​ម៉ូ​រ៉ូ​( Bangsamoro)​នៅលើ​កោះ​មីន​ដា​ណាវ​ភាគខាងត្បូង កន្លែង​ដែល​ការបា​ក់ដី​និង​ជំនន់​ទឹកភ្លៀង​បាន​បំផ្លាញ​ភូមិ​ទាំងមូលៗ​។​

​នៅ​តំបន់​បាង​សា​ម៉ូ​រ៉ូ ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​បំផ្លាញ​ភូមិ​ទាំងមូលៗ​

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយថា មនុស្ស​យ៉ាង​ហោច​ណាស់​១២៨​នាក់​រង​របួស​និង​៣៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ទូទាំង​ប្រទេស​។​អាជ្ញាធរ​បាន​ព្រមាន​ថា គ្មាន​សង្ឃឹម​រកឃើញ​អ្នក​នៅ​មាន​ជីវិត​​ទេ​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​ជួប​ព្យុះ​ជា​មធ្យម​២០​ក្នុង​មួយឆ្នាំ​តែ​កោះ​មីន​ដា​ណាវ​មិនសូវ​រង​ការវាយប្រហារ​ពី​ព្យុះ​ដូច​កោះ​លូ​ហ្សុន​និង​ភាគកណ្តាល​ប្រទេ​សទេ ទាំង​តែ​ព្យុះ​ខ្លាំង​សម្លាប់​មនុស្ស​ច្រើនៗ​ទើប​អាច​វាយ​​ប្រហារ​ដល់​។​

​ជាមួយនឹង​ភ្លៀង​ត្រូវ​រំពឹងថា​នឹង​ធ្លាក់​ថែម​ទៀត បណ្តា​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​នៅ​តំបន់​បាង​សា​ម៉ូ​រ៉ូ​ឥឡូវ​ត្រៀម​សំរាប់​លទ្ធភាព​ខូចខាត​បន្ថែម​នៅក្នុង​តំបន់​ភ្នំ​ក្រីក្រ​នេះ​។​

​ក្នុងការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​ម៉ាកូ​ស​បាន​បន្ទោស​លើ​ការកា​ប់​បំផ្លាញ​ព្រៃឈើ​និង​ការប្រែប្រួល​អាកាសធាតុ​ចំពោះ​ការបា​ក់ដី​ដ៏​ប្រល័យ​នៅ​តំបន់​បាង​សា​ម៉ូ​រ៉ូ​។​លោក​​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ដាំ​ដើមឈើ​លើ​ភ្នំ​ត្រងោល​អស់​ព្រៃឈើឡើងវិញ​។​

​លោក​បាន​ប្រកាស​ស្ថានភាព​វិបត្តិ​ភ័យ​រយៈពេល​៦​ខែ​នៅ​តំបន់​រងគ្រោះ​ខ្លាំង​បំផុត និង​បង្កើន​ការផ្តល់​ថវិកា​សំរាប់​កិច្ចការ​ជួយសង្គ្រោះ​៕