ដោយៈ ទេព មង្គល / ភ្នំពេញៈ ព្រះចៅស៊ុលតង់ ហាជី ហាស្សាណាល់ បូលគីយ៉ាស់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃប្រទេសព្រុយណេ ដារុយសាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដ៏ខ្លីខាងមុខនេះ ដើម្បីពង្រឹងនិងពង្រីក នូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ ទៅវិញ ទៅមក នៃប្រទេសទាំងពីរ កម្ពុជា-ព្រុយណេ។ នេះបើយោងតាមកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

តាមរយៈកិច្ចប្រជុំនេះ បានឱ្យដឹងថាៈ ក្នុងឱកាសយាង និងអញ្ជើញដឹកនាំព្រះរាជ គណៈប្រតិភូ ជាន់ខ្ពស់ បំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាស្សាណាល់ បូលគីយ៉ាស់ នឹងយាងចូល ក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះចៅស៊ុលតង់ ហាជី ហាស្សាណាល់ បូលគីយ៉ាស់ និងព្រះរាជគណៈប្រតិភូជាន់ខ្ពស់ នឹងយាងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌនសួនច្បារខាងកើត វិមានឯករាជ្យ។ បន្តមក ព្រះអង្គ នឹងយាងជួបព្រះរាជសវនាការជាមួយ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅ ស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ ដារុយសាឡាម នៅវិមានសន្តិភាព។
ព្រះអង្គ ក៏នឹងយាងចូលរួម នៅក្នុងព្រះរាជពិធីប្រជុំកំពូលទ្វេភាគីផ្លូវការ ព្រះរាជពិធីឡាយ ព្រះហស្ដលេខា ហើយបន្ទាប់មក ព្រះអង្គ នឹងយាងចូលរួម ក្នុងព្រះរាជពិធីលៀងសាយ ភោជន៍ នៅក្នុងព្រះបរមរាជវាំង ផងដែរ។

ពាក់ព័ន្ធនឹងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៃព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ និងជាព្រះ ប្រមុខរដ្ឋ នៃប្រទេសព្រុយណេ ដារុយសាឡាមនេះ លោក ឈិន កេតនា ទីប្រឹក្សា រាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាប្រធានអង្គប្រជុំ បានពិភាក្សាកំណត់រូបភាពចាត់តាំង និងបែងចែកភារកិច្ច ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា ឲ្យការរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ច ទទួលនិងជូនព្រះរាជ ដំណើរ ព្រះរាជគណៈប្រតិភូជាន់ខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក ឈិន កេតនា បានសំណូមពរដល់តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រឡប់ទៅវិញ ត្រូវរាយការណ៍ ជូនថ្នាក់ដឹកនាំ បានជ្រាប និងអនុវត្តតាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យការអនុវត្តន៍តួនាទី ភារកិច្ច ទទួលខុសត្រូវនីមួយៗ ទទួលបានលទ្ធផលល្អប្រសើរ ទៅតាមការគ្រោងទុក៕/V-PC