ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានផ្ដល់សិទ្ធិឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G នៃការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ ផ្នែកនារី ប្រចាំតំបន់អាស៊ី ( AFC U20 Women’s Asian Cup 2024 Qualifiers )។

ពិធីចាប់ឆ្នោតបែងចែកពូល បានធ្វើឡើង នៅប្រទេសសិង្ហបុរី នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។ សម្រាប់ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានក្រុមជម្រើសជាតិ នារីកម្ពុជា ក្រុមជម្រើសជាតិប៉ាគីស្ថាន, ម៉ាឡេស៊ី និងក្រុមនារីមីយ៉ាន់ម៉ា ដែលការប្រកួត វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅទឹកដីប្រទេសអ៊ូសបេគីស្ថាន ដែលតាមគម្រោង នឹងរៀបចំ ឡើង ចាប់ពីថ្ងៃទី ៣ ដល់ ១៦ ខែមីនា ឆ្នាំ២០២៤ ដែលមាន ៨ ក្រុម ចូលរួមជុំ ផ្តាច់ព្រ័ត្រ។

សហព័ន្ធ្ីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ថាៈ ការប្រកួតវគ្គជម្រុះជុំទី១ នឹងធ្វើឡើង ចាប់ពីថ្ងៃទី ៤ ដល់ ១២ ខែមីនា ហើយជុំទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ ១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការបែងចែកពូល ចាប់ពីពូល A ដល់ H ខណៈក្រុមជម្រើសជាតិជប៉ុន ឈ្នះពាននេះ ដល់ទៅ ៦ លើក។

ព្រឹត្តិការណ៍ប្រកួតជម្រុះនេះ មាន ៨ ពូល ដែលពូលនីមួយៗ មាន ៤ ក្រុម ហើយមានតែពូល H មួយប៉ុណ្ណោះ មានតែ ៣ ក្រុម ។ ពូល A ចិន , ឡាវ, ហុងកុង និង ហ្វីលីពីន ។ ពូល​ B មាននេប៉ាល់. អារ៉ាប់រួម, កោះម៉ារីអាណាខាងជើង និង ប៉ាឡេស្ទីន។ ពូល C មាន អូស្រ្តាលី, កៀហ្ស៊ីស៊ីស្ថាន , កោះឡហ្គាម និងប្រទេសអ៊ីរ៉ាក់ ។ ពូល D មាន ក្រុមលីបង់ ហ្សកដង់, ម៉ុងហ្គោលី និង ប៊ូតាន ។ ពូល E​ មាន ក្រុមថៃ, ចិនតៃប៉ិ, តាហ្ស៊ីគីស្ថាន និង អ៊ូសបេគីស្ថាន ។ ពូល F មាន ក្រុមវៀតណាម ឥណ្ឌា, សឹង្ហបូរី និង ឥណ្ឌូណេស៊ី។ ពូល G មាន ក្រុមកម្ពុជា, ប៉ាគីស្ថាន, ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ។ រីឯពូល H មាន ក្រុមអ៊ីរ៉ង់, បង់ក្លាដែស និង តួកម៉េនីស្ថាន ៕ V / N