ដោយ: បូកគោ / កំពតៈ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីជំនាញនៃក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច បានបណ្តុះបណ្តាលច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់សិស្សានុសិស្ស ជាង ៤០០ នាក់ នៅបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច។

ថ្លែងបើកវគ្គបណ្តុះបណ្តាល ខាងលើ លោក ស៊ុំ រុំ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថាៈ ការទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ ពិតជាមានសារសំខាន់ សម្រាប់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ គ្រប់រូប។ ចាប់តាំងពីឆ្នាំ១៩៩៣មក ព្រះរាជាណាចក្រកម្ពុជា បានប្រកាន់យករបប ប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីឈានឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿងតាមបែបនីតិរដ្ឋ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ក្នុងន័យនោះហើយ ទើបពេលនេះ ក្រសួងលើក យកច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ មកផ្សព្វផ្សាយ ជូនដល់សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ឲ្យបានជ្រាប ដើម្បីពង្រឹងវប្បធម៌អហិង្សា ភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ។

ដូចគ្នានេះដែរ លោក សេន សាប៊ីល អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថាៈ ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ទាមទារឲ្យប្រជាពលរដ្ឋ ស្វែងយល់អំពីច្បាប់និង តម្រូវការនៃការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ហើយប្រកបដោយប្រសិទ្ធភាពបំផុត។ និយាយរួម ពេលមានអំពើហិង្សា កើតឡើង អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើអន្តរាគមន៍ បន្ទាន់ ពិសេសត្រូវផ្ដល់ទីជម្រកបណ្តោះអាសន្ន ដែលអាចធានាសុវត្ថិភាព និងផ្តល់នូវ ជំនួយសុខាភិបាលជាបន្ទាន់។

លោកអភិបាលរងខេត្ត បានបន្តថាៈ ប្រទេសជាតិមួយ ដែលពោរពេញដោយហិង្សា និងការរំលោភបំពាន រវាងគ្នានោះ បង្ហាញឲ្យឃើញនូវកង្វះខាតចំណេះដឹង ក្នុងការរស់នៅប្រចាំថ្ងៃ។ ដើម្បីផ្តល់ភាពថ្លៃថ្នូរ សម្រាប់សង្គមរបស់ខ្លួន ពលរដ្ឋគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមច្បាប់ជាធរមាន៕ V / N