ដោយៈ ប.ខុន / ភ្នំពេញៈ ការនេសាទត្រីនៅតាមគន្លងដាយ ក្នុងដងទន្លេសាប ពេលនេះ ចាប់បានប្រភេទត្រីធំ តែមានឧបស័គ្គច្រើន ដោយសារទឹកហូរខ្លាំង និង មានសំរាមច្រើន ហូរចូលដាយ បណ្តាលឱ្យដាច់ដាយ ជាហេតុធ្វើឱ្យអ្នកនេសាទ មិនទាន់ហ៊ាន បើកមាត់ដាយ ។ ទឹកទន្លេសាប នៅក្រគរ កំពង់លួង នៅសល់កម្ពស់ ៧,៦៨ ម៉ែត្រ  នៅព្រែកក្តាម នៅសល់កម្ពស់ ៧,១៩ ម៉ែត្រ និងនៅចតុមុខ នៅសល់កម្ពស់ ៧ ម៉ែត្រ។

លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ជួលពីរដ្ឋបាលជលផល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែវិច្ឆិកា ថាៈ ក្នុងមួយថ្ងៃ អាចចាប់បានត្រីធំពី ២០ ទៅ ៣០ គីឡូក្រាម ដោយហ៊ានបើកមាត់ដាយ តែនៅពេលថ្ងៃ ពេលយប់ បិទមាត់ដាយចោលវិញ ដោយខ្លាចដាច់ដាយ បន្ទាប់ពីបាន ដាច់ម្តងរួច ដោយសារមមោក និងសំរាម ចូលច្រើនជាងត្រី។ ក្នុងមួយថ្ងៃ បើកមាត់ដាយ បានតែ ៤ ទៅ ៥ ម៉ោង នៅពេលថ្ងៃទេ ។ ពេលទម្លាក់ដាយ បី បួន ដង ត្រូវបិទមាត់ដាយ វាយសម្អាតសាច់ ដាយឱ្យជ្រុះមមោក ចេញអស់ម្តង បើមិនដូច្នេះទេ វានឹងធ្វើឱ្យដាច់ដាយ។ នៅពេលយប់ មិនមានអ្នកណា ហ៊ានបើកមាត់ដាយទេ។

អ្នកនេសាទខាងលើ បាននិយាយឱ្យដឹងទៀតថាៈ សព្វថ្ងៃនេះ បើហ៊ានបើកមាត់ដាយ ជាប់ទាំងយប់ និងថ្ងៃ អាចរកត្រីបានដល់រយគីឡូ តែគ្មានអ្នកណាហ៊ានទេ ព្រោះបើដាច់ ដាយ ត្រូវចំណាយពេលវេលារៀបចំឡើងវិញយូរ និងថ្លៃចំណាយច្រើន ដូចនេះហើយ បានជាគេសុខចិត្ត បិទមាត់ដាយចោលសិន។ ត្រីឆ្នាំនេះ ឃើញមានសម្បូរ និងធំៗ ជាងឆ្នាំមុនៗ ដោយសារទឹកទន្លេ ឡើងខ្ពស់។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ការធ្វើអាជីវកម្មនេសាទត្រី នៅតាមគន្លងដាយ ដែល គេបានជួលពីរដ្ឋបាលជលផល ពេល (១០កើត ខែកក្តឹក ត្រូវថ្ងៃទី៣ ខែវិច្ឆិកា) នេះ អ្នកខ្លះ មិនទាន់ហ៊ានទម្លាក់សាច់ដាយ ចុះនៅឡើយទេ ដោយសារទឹកទន្លេ ហូរខ្លាំង និងមានសំរាមច្រើន។

មន្ត្រីខាងលើ បាននិយាយឱ្យដឹងទៀតថាៈ អ្នកដែលហ៊ានទម្លាក់ដាយចុះចាប់បានត្រីធំពី ១០ ទៅ ២០ គីឡូក្រាមដែរ តែក៏មានអ្នកដាច់សាច់ដាយ ហើយលែងហ៊ានដាក់បន្ត ដោយរង់ចាំពេលទឹកស្រក ហូរខ្សោយសិន។ ខ្នើតនេះ ជាខ្នើតធម្មតា ត្រូវចាប់បានត្រីធំ តែដោយសារទឹកបឹងទន្លេសាបនៅខ្ពស់ ត្រីមិនទាន់ចេញមកនៅឡើយទេ។ គន្លងដាយត្រី នៅរាជធានីភ្នំពេញ មានចំនួន ២២ មានអ្នកនេសាទជួលធ្វើអាជីវកម្ម ចំនួន១៥ និងចំនួន ៧ នៅទំនេរចោល។

តាមព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ដែលចេញផ្សាយដោយ ក្រសួងធនធាន ទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែវិច្ឆិកា បានបង្ហាញឱ្យឃើញថាៈ នៅគ្រប់ស្ថានីយ ជលសាស្ត្រ ទឹកទន្លេបន្តស្រកចុះ ដូចជា នៅខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ទាបជាងថ្ងៃទី២ ខែវិច្ឆិកា ០,១០ ម៉ែត្រ នៅខេត្តក្រចេះ​ ទឹកមានកម្ពស់ ១២,៤៣ ម៉ែត្រ ទាបជាងថ្ងៃទី២ វិច្ឆិកា ០,២៨ ម៉ែត្រ នៅខេត្តកំពង់ចាម ទឹកមានកម្ពស់ ៨,៣១ ម៉ែត្រ ទាបជាងថ្ងៃទី២ ខែវិច្ឆិកា ០,២១ ម៉ែត្រ នៅចតុមុខ ទឹកមានកម្ពស់ ៧ ម៉ែត្រ ទាបជាងថ្ងៃទី ២ វិច្ឆិកា ០,១៥ ម៉ែត្រ នៅអ្នកលឿង ទឹកមានកម្ពស់ ៥,២៤ ម៉ែត្រ ទាបជាងថ្ងៃទី២ វិច្ឆិកា ០,១១ ម៉ែត្រ នៅកោះខែល ទឹកមានកម្ពស់ ៦,២៩ ម៉ែត្រ ទាបជាងថ្ងៃទី២ វិច្ឆិកា ០,១០ ម៉ែត្រ នៅ ព្រែកក្តាម ទឹកមានកម្ពស់ ៧,១៩ ម៉ែត្រ ទាបជាងថ្ងៃទី២ វិច្ឆិកា ០,១០ ម៉ែត្រ និងនៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៧,៦៨ ម៉ែត្រ ទាបជាងថ្ងៃទី២ វិច្ឆិកា ០,០៧ ម៉ែត្រ៕/V-PC