ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាស តែងតាំង ជាផ្លូវការ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីខាងលើនេះ ត្រូវប្រកាសតែងតាំងលោក អុីមរ៉ន ហាស្សាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឱ្យកាន់តំណែងជា អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ក្រោយពីបាន ប្រកាសឱ្យកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ ចំនួន ៣ រូប រួចមកហើយ កាលពី ពាក់កណ្តាលខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យលោក អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំង ជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញការងារ សហការឱ្យបានល្អ ជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារ ដោយឈលើស្មារតី ទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

ក្នុងឱកាសនោះ លោក ឡេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន ៤ រូបទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង ៣ រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំង នៅពេលនេះ។ ដូច្នេះ សម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារ ឱ្យបានល្អ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើន និងមានសោភ័ណភាព ស្រស់បំព្រងបន្ថែមទៀត។

បន្ថែមពីនេះទៀត លោក ឡេង វី បានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំ ដោះស្រាយបញ្ហា ដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានា ឱ្យបានល្អ និងបំផុសប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្ត ធ្វើយ៉ាងណា ឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។

ដើម្បីឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព កាន់តែល្អប្រសើរនោះ លោកស្នើឱ្យអាជ្ញាធរ រាជធានី គ្រប់គ្រងសំណង់ឱ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើ នៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ ឱ្យវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងជំរុញឱ្យក្រុមហ៊ុន ប្រមូលសំរាមឱ្យបាន ទាន់ពេលវេលា។

គួរបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះ មានចំនួន ១១ រូបហើយ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរង ចំនួន ១០ នាក់ទៀត រួមមាន លោក កើត ឆែ , លោក មាន ចាន់យ៉ាដា លោក ហួត ហៃ លោកស្រី កែវ សុខពិសី , លោក ស៊ុយ សេរិទ្ធ លោកនួន ផារ័ត្ន , លោក ឃ្លាំង ហួត , លោក សុខ ពេញវុធ លោក ហ៊ុន សុរិទ្ធី និងលោក អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ រួចហើយ៕/V-PC