​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ប៉ូលីស​វៀតណាម​ម្នាក់​បាន​លោត​ឡើងលើ​ក្បាល​ឡាន​មួយ​បាំង​កន្លះ​មួយ​នៅក្នុង​ខេត្ត​ថៃ​ប៊ិញ​(Thai Binh)​ដើម្បី​ព្យាម​អោយ​ឡាន​ឈប់ តែ​អ្នក​បើក​គិតតែ​​បង្កើនល្បឿន​កាលពី​ថ្ងៃ​២៨​តុលា ឆ្នាំ​២០២២​។​

​នៅ​ទីបំផុត បុរស​នៅ​ខេត្ត​ថៃ​ប៊ិញ​ភាគ​ខាងជើង​នេះ​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ព្យាយាម​បើក​គេច​អស់៦០០ម៉ែត្រ។​

​វូ ង៉ុក ឡាំ (Vu Ngoc Lam)​អាយុ​៣២​ឆ្នាំ​ត្រូវបាន​ស៊ើបអង្កេត​ចំពោះ​ការប្រឆាំង​មន្ត្រី​អនុវត្ត​ច្បាប់​បំពេញ​ភារកិច្ច​របស់​គេ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ប៉ូលីស​ខេត្ត​ថៃ​ប៊ិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រំលឹកថា នៅ​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​២៨​តុលា ឡាំ​បាន​បើក​រថយន្ត​មួយ​បាំង​កន្លះ​ពណ៌​ក្រហម​មួយ​ខុស​ទិស ហើយ​ពេល​ប៉ូលីស​សុំអោយ​គាត់​ឈប់​និង​បង្ហាញ​ឯកសារ គាត់​មិន​ព្រម​ឈប់​និង​បើក​​ចេញទៅ​។​នាយក​ប៉ូលីស​ម្នាក់​បន្ទាប់​មក​បាន​ដេញ​តាម​និង​លោត​លើ​ក្បាល​ឡាន​។​

​ក្រោយ​បើក​បាន​ប្រមាណ​៦០០​ម៉ែត្រ​ជាមួយនឹង​ប៉ូលិស​នៅ​លើ​ក្បាល​ឡាន ឡាំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​។

​ប៉ូលីស​វៀតណាម​ម្នាក់​បាន​លោត​ឡើងលើ​ក្បាល​ឡាន​នៅក្នុង​ខេត្ត​ថៃ​ប៊ិញ​កាលពី​ថ្ងៃ​២៨​តុលា ឆ្នាំ​២០២២ ក្រោយ​អ្នកបើក​មិន​ព្រម​ឈប់​តាម​សំណើ​

មុននេះ​កាលពី​ខែ​មុន​ក៏​កើតមាន​ហេតុការណ៍​ចម្លែក​មួយ​ពាក់ព័ន្ធ​នឹង​ប៉ូលិស​ចរាចរណ៍​វៀតណាម​។​បុរស​ម្នាក់​នៅក្នុង​ខេត្ត​ហាយ​ហ្វឿង​( Hai Duong)​ភាគ​ខាងជើង​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ចាក់​ប៉ូលិស​មួយ​​កាំបិត ដោយសារ​ខឹង​ប៉ូលិស​ពិន័យ​កូនប្រុស​របស់​គាត់​ដែល​មិន​ពាក់​មួកសុវត្ថិភាព​ពេល​បើកបរ​។​

​ក្នុង​ខែ​ដដែល បុរស​ម្នាក់​ទៀត​នៅ​វៀតណាម​ខាងជើង​ក៏​ត្រូវបាន​ពិន័យ​ប្រាក់​២០​លាន​ដុង​(៨២០​ដុល្លារ​)​ដោយសារ​រារាំង​ឡានពេទ្យ​ក្នុង​ដំណើរ​ទៅកាន់​មន្ទីរពេទ្យមួយ​អស់​បួន​គីឡូម៉ែត្រ​។​ឡានពេទ្យ​ត្រូវ​ដឹក​​អ្នកជំងឺ​បែក​ថ្លើម​ដោយ​គោ​ជល់​ម្នាក់​ទៅកាន់​មន្ទីរពេទ្យ​ក្រុង​ហាណូយ​ជាបន្ទាន់ កាលពី​ថ្ងៃ​១៧​តុលា តែ​នៅតាម​ផ្លូវបុគ្គលិក​ពេទ្យ​ម្នាក់​បាន​និយាយថា​អ្នកបើក​ឡានធំ​ម្នាក់​បាន​រារាំង​បាំង​មិនអោយ​​ឡានពេទ្យ​វ៉ា​អស់​ចម្ងាយបួន​គីឡូម៉ែត្រ​។​

​ក្រោយ​ប្រគល់​រូបភាព​ថត​តាម​ទូរស័ព្ទ​អោយ​ប៉ូលីស បុរស​ឈ្មោះ វូ ថេ ភឿង​( Vu The Phuong)​អាយុ​៤៤​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន និង​ផាកពិន័យ​៕

វូ ថេ ភឿង​( Vu The Phuong)​អាយុ​៤៤​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន និង​ផាកពិន័យ​កាលពី​ថ្ងៃ​១៨​តុលា​