​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ហុង មីន​ស៊ុន នឹង​ទទួល​ការវះកាត់​លើ​របួស​ផ្ទៃមុខ​ជាហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​វត្តមាន​របស់​គេ​សម្រាប់​ការប្រកួត​វើល​​ខាប់​នៅ​ប្រទេស​កាតា​។​

​ស៊ុន ដែល​ជា​កីឡាករ​ល្បី​បំផុត​របស់​បាល់ទាត់​អាស៊ី ត្រូវបាន​នាំ​ចេញ​ពី​ទីលាន​ក្នុងអំឡុង​តង់​ទីមួយ​នៃ​ការប្រកួត Champions League របស់ Tottenham នៅ​ទឹកដី Marseille​កាលពី​ថ្ងៃ​​អង្គារ បន្ទាប់​ពី​រង​មួយ​ស្មា​ចំ​កណ្តាល​មុខ​។​

Tottenham កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ស៊ុន​នឹង​ធ្វើ​ការវះកាត់ “​ដើម្បី​រក្សា​លំនឹង​ការ​បាក់ឆ្អឹង​ជុំវិញ​ភ្នែក​ខាងឆ្វេង​របស់គាត់​”​។​

​ក្លិប Premier League នេះ​មិន​បាន​និយាយ​ថា​តើ​ខ្លួន​រំពឹងថា​ស៊ុន​នឹងត្រូវ​អវត្តមាន​យូរ​ប៉ុនណា​ទេ​។​

​ក្រុម​មាន់​ខ្នាយ​មាស​បាន​និយាយថា “​បន្ទាប់​ពី​ការវះកាត់ ស៊ុន​នឹង​ចាប់ផ្តើម​ការ​ស្តារនីតិសម្បទា​ជាមួយ​បុគ្គលិក​ពេទ្យ​របស់​យើង​ហើយ​យើង​នឹងធ្វើ​បច្ចុប្បន្នភាព​ដល់​អ្នកគាំទ្រ​បន្ថែមទៀត​​នៅពេល​ក្រោយ​”​។​

​របួស ដែល​កំពុង​គ្របដណ្ដប់​លើ​ព័ត៌មាន​កីឡា​ក្នុងប្រទេស​កូរ៉េខាងត្បូង គឺជា​ការ​វាយ​សំពង​ដល់​ឱកាស​ជោគជ័យ​របស់​ប្រទេស​នេះ​ក្នុងការ​បង្ហាញខ្លួន​ក្នុង​ការប្រកួត​វើល​ខាប់​លើកទី ១០ ជាប់ៗ​គ្នា​របស់​ខ្លួន​។ ស៊ុន​គឺជា​ប្រធាន​ក្រុម ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ និង​ជា​កីឡាករ​ឆ្នើម​។ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង លោក ផូ​ឡូ បិ​នតូ (Paulo Bento) គ្រោង​នឹង​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​របស់​លោក​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា​៕

ស៊ុន​របួស​ប្រេះ​ឆ្អឹង​ជុំវិញ​ភ្នែក​ពី​ការ​ប៉ះ​ស្មា​គូប្រជែង​ក្រោយ​ត្រូវ​បាន​នាំ​ចេញ​ពី​ទីលាន​ក្នុងអំឡុង​តង់​ទី​មួយ​នៃ​ការប្រកួត Champions League​