ដោយៈ សុផល/ភ្នំពេញ៖ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពីស្ដង់ដារសណ្ឋាគារបៃតងកម្ពុជា ដល់មន្ត្រីអនុវត្តនៅថ្នាក់ក្រសួងទេសចរណ៍ និងនៅមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ ៧០នាក់។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១ខែវិច្ឆិកា លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងជាប្រធានគ.រ.ច.បានគូសបញ្ជាក់អំពីសភាពការណ៍ទេសចរណ៍កម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងគ្រប់គ្រងបានយ៉ាងល្អ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង ការដាក់ចេញអនុវត្តគោលនយោបាយ និងវិធានការនានាដើម្បីធានាសុខុមាលភាពរបស់ប្រជាជន។

ក្នុងឱកាសនេះលោក ណេប សាមុត ក៏បានផ្ដល់ជាអនុសាសន៍គន្លឹះមួយចំនួន រួមមាន៖១.ត្រូវខិតខំរិះរកវិធីសាស្ត្រ និងឧទាហរណ៍នៃការអនុវត្តល្អបង្ហាញដល់សិក្ខាកាមឱ្យបានយល់ដឹងតាមគ្រប់វិធីសាស្ត្រដើម្បីធានាការបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់។២.មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវបង្កើតក្រុមការងារនិងផែនការការងារ ដឹកនាំជំរុញឱ្យមានការអនុវត្ត “ស្ដង់ដាសណ្ឋាគារបៃតងកម្ពុជា”។៤.សិក្ខាកាមទាំងអស់ ត្រូវបន្ដយន្ដការនៃការផ្សព្វផ្សាយ និងអនុវត្តបន្ថែមទាំងក្នុងអង្គភាព ជាមួយអង្គភាពពាក់ព័ន្ធ និងដល់គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដើម្បីចូលរួមស្ដារអនាគតវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង “កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្កៅ” និងប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពីស្ដង់ដារសណ្ឋាគារបៃតងកម្ពុជា ដល់មន្ត្រីអនុវត្តនៅថ្នាក់ក្រសួងទេសចរណ៍ និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបានរៀបចំប្រព្រឹត្តទៅពីថ្ងទី១-២ ខែវិច្ឆិកា ឆ្នាំ២០២២៕